(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក Joe Biden នឹងទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅឯកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែមេសាខាងមុខ ដើម្បីពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre មេដឹកនាំនៃប្រទេសទាំង៣ នឹងពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីលើកកម្ពស់កំណើន សេដ្ឋកិច្ច និងបច្ចេកវិទ្យាថ្មីៗ ជំរុញខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលស្អាត រួមទាំងកិច្ចសហប្រតិបត្តិការស្ដីពីអាកាសធាតុ ក៏ដូចជាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា ការប្រកាសពីកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិកជាមួយជប៉ុន និងហ្វីលីពីន កើតមានឡើងចំពេលលោក Joe Biden កំពុងផ្ដោតជាអាទិភាពលើ ការពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ី ដើម្បីធ្វើការងារជាមួយគ្នាទប់ទល់នឹងចិន រួមទាំងកូរ៉េខាងជើង៕