(មូស្គូ)៖ នៅទីបំផុតទៅដូចការរំពឹងទុក ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយទទួលបានសំឡេងគាំទ្រជិត ៩០ភាគរយ។ តាមរយៈជ័យជម្នះនេះ លោក ពូទីន មានអាយុ ៧១ឆ្នាំ នឹងត្រូវកាន់អំណាចដឹកនាំប្រទេសរុស្ស៉ី ៦ឆ្នាំបន្ថែមទៀត ហើយអាចនឹងវ៉ាដាច់ អតីតមេដឹកនាំសូវៀត Josef Stalin កា្លយជាមេដឹកនាំរុស្ស៉ីកាន់អំណាចយូរជាងគេបំផុតក្នុងរយៈពេល ២០០ឆ្នាំ ប្រសិនបើលោកដឹកនាំបានពេញមួយអាណត្តិថ្មីនេះ។

នេះគឺជាការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីដំបូងបំផុត ចាប់តាំងពីលោក ពូទីន បញ្ជូនកងទ័ពលុកលុយចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈក្រុមអ្នកវិភាគលោកខាងលិច ចាត់ទុកថា ការបោះឆ្នោតនេះដែរត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការគាំទ្ររបស់ប្រជាជនរុស្ស៉ីចំពោះសង្រ្គាមរបស់លោក ពូទីន និងស្ដាររូបភាពជាអ្នកការពារស្ថិរភាពប្រទេសរបស់លោក ពូទីន ឡើងវិញ។ ប៉ុន្តែ ប្រជាជនរុស្ស៉ីនៅតែត្រូវទន្ទឹងរង់ចាំមើលថាតើការបោះឆ្នោតនេះនឹងនាំមកនូវការផ្លាស់ប្ដូរអ្វីខ្លះ ស្របពេលវិមានក្រឹមឡាំងត្រូវបានគេរំពឹងថានឹងប្រើជ័យជម្នះនេះជាការបញ្ជាក់ បន្ថែមពីភាពត្រឹមត្រូវលើសង្រ្គាមនៅអ៊ុយក្រែន។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគួរដឹងពីជ័យជម្នះរបស់លោក ពូទីន៖

១. ខណៈអ្នកឈ្នះត្រូវបានគេដឹងជាមុនទៅហើយ អត្រាគាំទ្ររបស់លោក ពូទីន លើសការរំពឹងទុក
បើគេនៅចាំមិនភ្លេចទេ ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីកាលពីឆ្នាំ២០១២ លោក ពូទីន ទទួលបានការគាំទ្រ ៦៣.៦ភាគរយ និងនៅឆ្នាំ២០១៨ ទទួលបានសំឡេង គាំទ្រ៧៦.៧ភាគរយ។ ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី នៅឆ្នាំ២០២៤នេះដែរ វិមានក្រឹមឡាំងបានព្យាករថាលោក ពូទីនអាចនឹងទទួលបានសំឡេងឆ្នោតប្រហែល ៨០ភាគរយ។ ប៉ុន្តែ លើកនេះលោក ពូទីន ទទួលបានសំឡេងគាំទ្រដល់ទៅជិត ៩០ភាគរយឯណោះ។ តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៥.០៨ភាគរយ លោក ពូទីន ទទួលបានសំឡេងគាំទ្រ ៨៧.៨ភាគរយ ខណៈគូប្រជែងទាំង៣នាក់ របស់លោក ពូទីន គ្មាននរណាម្នាក់ទទួលបានសំឡេងច្រើនជាង ៥ភាគរយឡើយ។

២. លោក ពូទីន នឹងប្រើជ័យជម្នះនេះជាការបញ្ជាក់ការគាំទ្រពីប្រជាជន ដើម្បីបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន
កាលពីខែធ្នូ ឆ្នាំ២០២៣ លោក ពូទីន បានប្រកាសថាលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមួយអាណត្តិបន្ថែមទៀត ដែលជាអាណត្តិទី៥ របស់លោកជាការឆ្លើយតបនឹងការស្នើសុំរបស់ អតីតយុទ្ធជនសង្រ្គាមម្នាក់ដែលបានអំពាវនាវឱ្យលោកឈរឈ្មោះ។ និមិត្តរូបនៃការបោះឆ្នោតគឺត្រូវបានប្រើជាអក្សរ V មានពណ៌ខៀវ ស និងក្រហម ដែលជាពណ៌របស់ទង់ជាតិរុស្ស៉ី ហើយនិមិត្តរូប អក្សរ V​ នេះ ត្រូវបានប្រើដើម្បីបង្ហាញការគាំទ្រដល់ទាហានរុស្ស៉ីនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ ការបោះឆ្នោតក៏ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែនដែលកំពុងស្ថិតក្រោម ការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ីផងដែរ ទោះជាទីក្រុងមូស្គូមិនទាន់អាចគ្រប់គ្រងតំបន់ទាំង៤នេះ បានទាំងស្រុងក៏ដោយ។

មកទល់នឹងពេលនេះ លោក ពូទីន មិនដែលទទួលស្គាល់ថារូបលោកបានបើកធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែននោះទេ ដោយលោកហៅថាវាជាប្រតិបត្តិការយោធាពិសេស។ លោក ពូទីន បានពិព័ណ៌នាថាការបោះឆ្នោតដែលមានអត្រាអ្នកចូលរួម ៧៤ភាគរយ នៃចំនួនប្រជាជនបានចុះឈ្មោះបោះឆ្នោត ១១២លាននាក់ បានបង្ហាញពីការពិតមួយ ដែលរុស្ស៉ីត្រូវបានបង្ខំឱ្យកាន់អាវុធ ដើម្បីការពារផលប្រយោជន៍របស់ប្រទេសជាតិ។

៣. សង្រ្គាមនៅអ៊ុយក្រែន នឹងបន្តជាបញ្ហាស្នូលសម្រាប់វិមានក្រឹមឡាំង
នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិរុស្ស៉ី កាលពីខែកុម្ភៈដែលត្រូវបានចាត់ទុកថាសុន្ទរកថានៃយុទ្ធនាការឃោសនាបោះឆ្នោតដ៏សំខាន់មួយ លោក ពូទីនបានសន្យាថារុស្ស៉ី នឹងបន្តសម្រេចគោលដៅ របស់ខ្លួននៅអ៊ុយក្រែន ខណៈបោះទុនវិនិយោគលើសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងគោលដៅយូរអង្វែងរបស់រុស្ស៉ី នោះគឺជំរុញអត្រាកំណើតនៅក្នុងប្រទេស។

តាមស្ថិតិពីរដ្ឋាភិបាលរុស្ស៉ី ខណៈកញ្ចប់ថវិកាជាង ៤០ភាគរយត្រូវបានប្រើប្រាស់សម្រាប់ការចំណាយខាងយោធា សេដ្ឋកិច្ចរុស្ស៉ីមានកំណើន ៣.៦ភាគរយក្នុងឆ្នាំ២០២៣ ហើយការផលិតអាវុធ ក៏កំពុងមានកំណើនដែរ។ លើសពីនេះទៅទៀត លោក ពូទីន ក៏បានលើកឡើងផងដែរថាអតីតយុទ្ធជនសង្គ្រាមគួរតែក្លាយជាស្នូលនៃឥស្សរជនរុស្ស៉ីថ្មីមួយដើម្បីដឹកនាំប្រទេស ព្រោះតែការចូលរួម បម្រើជាតិរបស់ពួកគេដែលបង្ហាញពីការប្ដេជ្ញាចិត្តដល់ផលប្រយោជន៍របស់រុស្ស៉ី។ សំណើនេះត្រូវបានរំពឹងថានឹងត្រូវជំរុញបន្ថែមទៅជាគំនិតស្នេហាជាតិ ជាពិសេសក្នុងពេលដែលលោក ពូទីន កំពុងស្វះស្វែងរកការជំនួសសម្ព័ន្ធមិត្តចាស់ៗរបស់លោក ដោយយុវជនក្មេងៗជំនាន់ក្រោយ។

៤. ប្រជាជនរុស្ស៉ីរង់ចាំអ៊ុតមើលថានឹងមានអ្វីកើតឡើង?
ការព្រួយបារម្ភបានកើតឡើងជារឿយៗក្រោយការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីនៅពេលដែលវិមានក្រឹមឡាំងជាទម្លាប់បានដាក់ចេញគោលនយោបាយមិនសូវមានប្រជាប្រិយភាព។ ជាឧទាហរណ៍ ក្រោយការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៨ លោក ពូទីន បានដំឡើងអាយុចូលនិវត្តន៍។ បច្ចុប្បន្ន ប្រជាជនរុស្ស៉ីកំពុងរង់ចាំអ៊ុតមើលថាតើវិមានក្រឹមឡាំងអាចនឹងប្រកាសកែនកងទ័ព បន្ថែម ឬក៏បង្កើនការរឹតត្បិតនៅក្នុងស្រុកដែរឬក៏អត់?

លោក ពូទីន បានបដិសេធម្ដងហើយម្ដងទៀតចំពោះលទ្ធភាពនៃការកែនកងទ័ពថ្មីបន្ថែម។ ប៉ុន្តែ ជ័យជម្នះរបស់រុស្ស៉ីក្នុងតំបន់ភាគខាងកើតអ៊ុយក្រែននាពេលថ្មីៗនេះ ត្រូវបានរាយការណ៍ថា បានចំណាយជីវិតកងទ័ពជាច្រើន។ ម្យ៉ាង ទោះជាលោក ពូទីន បានលើកឡើងថាលោកត្រៀមខ្លួនជាស្រេចដើម្បីកិច្ចចរចាស្វែងរកសន្តិភាពក៏ពិតមែន តែសព្វថ្ងៃ គ្មានភាគីណាមួយបង្ហាញពីសញ្ញា ថយម្នាក់មួយជំហាននោះទេ។ រុស្ស៉ីបាន និងកំពុងគ្រប់គ្រងទឹកដីអ៊ុយក្រែន ប្រហែល១៨ភាគរយ រីឯការវាយលុកជាថ្មីរបស់កងទ័ពរុស្ស៉ី ត្រូវបានរំពឹងថាអាចនឹងត្រូវធ្វើឡើងនៅរដូវក្ដៅខាងមុខ ដើម្បីព្យាយាមដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែនបន្ថែមទៀត មុននឹងសម្រេចចិត្តចូលតុចរចា៕