(កាប៊ុល)៖ យោធាប៉ាគីស្ថានបាននិយាយនៅថ្ងៃចន្ទនេះថា រលកនៃសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសនាពេលថ្មីៗនេះ មាន «ការគាំទ្រ និងផ្តល់ជំនួយពេញលេញ» ពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្មានម៉ោងបន្ទាប់ពីអ្នកនាំពាក្យក្រុមតាលីបង់បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដបានធ្វើការវាយប្រហារតាមអាកាស នៅក្នុងខេត្ត Khost និង Paktika របស់ប្រទេស ដែលបានសម្លាប់ស្ត្រី ៥ នាក់ និងកូន ៣នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន បានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបើកឡានដឹកទំនិញ ដែលផ្ទុកដោយគ្រឿងផ្ទុះចូលទៅក្នុងទីតាំងយោធាមួយ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ទាហានប្រាំពីរនាក់។

ទាំងកងទ័ពប៉ាគីស្ថាន រដ្ឋមន្ត្រីការពារជាតិ និងប្រធានាធិបតី បានប្តេជ្ញាសងសឹកចំពោះអំពើភេវកម្មនេះ។

ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយភាគច្រើនពួកតាលីបង់ប៉ាគីស្ថាន បានអះអាងទទួលខុសត្រូវ។ រដ្ឋាភិបាលប៉ាគីស្ថាន និងមន្ត្រីសន្តិសុខបាននិយាយថា ការវាយប្រហារភាគច្រើនត្រូវបានចាប់ផ្តើម ពីទឹកដីអាហ្វហ្គានីស្ថានដែលនៅជិតខាង ដែលក្រុមតាលីបង់អាហ្វហ្គានីស្ថានដែលកំពុងកាន់អំណាច បានបដិសេធថា ខ្លួនមិនបានអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថាន ដើម្បីវាយប្រហារប៉ាគីស្ថាននោះទេ។

យោធាប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកនៅលើបណ្តាញទំនាក់ទំនង​សង្គម X ថា «វាច្បាស់ណាស់ថា រលកនៃអំពើភេរវកម្មនាពេលថ្មីៗនេះនៅក្នុងប្រទេសប៉ាគីស្ថាន មានការគាំទ្រ និងផ្តល់ជំនួយពេញលេញពីអាហ្វហ្គានីស្ថាន»

របាយការណ៍បានសង្កត់ធ្ងន់ថា «ឧប្បត្តិហេតុ​ភេរវកម្ម​នៅ​ប៉ាគីស្ថាន​ បាន​កើន​ឡើង​ដោយ​មាន​ជំនួយ​ពី​ក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន និង​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើបៗ»

ទោះជាយ៉ាងណា យោធាប៉ាគីស្ថានមិនបានធ្វើការអត្ថាធិប្បាយដោយផ្ទាល់ ឬបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសសងសឹកក្នុងប្រទេសអាហ្វហ្គានីស្ថានទេ បើទោះបីជាខ្លួនបានចោទប្រកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថានថា បានផ្តល់ជម្រកសុវត្ថិភាព និងចូលរួមក្នុងការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថានក៏ដោយ៕