(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា នាថ្ងៃចន្ទនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានផ្ញើសារអបអរសាទរទៅកាន់ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដោយនិយាយថា ការជាប់ឆ្នោតសម្រាប់អាណត្តិថ្មីរបស់លោក ពូទីន ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងពេញលេញ នូវការគាំទ្ររបស់ប្រជាជនរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។
ក្នុងសារអបអរសាទរនោះ លោក ស៉ី បានប្រាប់លោក ពូទីន យ៉ាងដូច្នេះថា «ការបន្តជាប់ឆ្នោតជាថ្មីរបស់អ្នក ឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការគាំទ្ររបស់ប្រជាជនរុស្ស៉ី ចំពោះរូបអ្នក។ ប៉ុន្មានឆ្នាំមកនេះ ប្រជាជនរុស្ស៉ីបានរួមគ្នាជាធ្លុងមួយ ដើម្បីជម្នះបញ្ហាប្រឈមនានា ហើយបន្តដើរឆ្ពោះទៅមុខជាលំដាប់ នៅលើគន្លងផ្លូវនៃការអភិវឌ្ឍជាតិ។ ខ្ញុំជឿជាក់ថា នៅក្រោមការដឹកនាំរបស់អ្នក រុស្ស៉ីនឹងអាចសម្រេចបាន នូវសមិទ្ធផលកាន់តែអស្ចារ្យបន្ថែមទៀត ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍនិងស្ថាបនាជាតិ»។
លោកប្រធានាធិបតីចិន បានបន្តទៀតថា «ចិនផ្តល់សារសំខាន់ជាខ្លាំងទៅលើ ការអភិវឌ្ឍទំនាក់ទំនងចិន-រុស្ស៉ី ហើយមានឆន្ទៈនៅបន្តរក្សា ការទាក់ទងគ្នាឱ្យជិតស្និទ្ធជាមួយរុស្ស៉ី ដើម្បីលើកស្ទួយការអភិវឌ្ឍចំណងទ្វេភាគី ដែលមាននិរន្តរភាព ស្ថិរភាព ល្អប្រសើរ ព្រមទាំងស៉ីជម្រៅ»។ ក្រោយសន្លឹកឆ្នោត៩៩ភាគរយត្រូវបានរាប់ លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា បានបង្ហាញថា លោក ពូទីន ឈ្នះបានសំឡេងគាំទ្ររហូតដល់៨៧.៣៣ភាគរយ ខណៈគូប្រជែងប៉ុន្មាននាក់ទៀត ទទួលបានសំឡេងមិនដល់៥ភាគរយឡើយ។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៣ លោក ស៉ី បានទទួលស្វាគមន៍លោក ពូទីន ដោយហៅថាជាមិត្តសម្លាញ់ នៅឯទីក្រុងប៉េកាំង ជាទីដែលលោកប្រធានាធិបតីរុស្ស៉ី គឺជាភ្ញៀវកិត្តិយសពិសេស អំឡុងកិច្ចប្រជុំអន្តរជាតិមួយ។ លោក ស៉ី ជីនពីង ក៏ធ្លាប់កត់សម្គាល់ដែរថា រូបលោកបានជួបលោក ពូទីន សរុប៤២លើកហើយ ក្នុងពេលមួយទសវត្សរ៍មកនេះ ហើយនិយាយថា អ្នកទាំងពីរបានអភិវឌ្ឍទំនាក់ទំនងការងារដ៏ល្អមួយ និងចំណងមិត្តភាពយ៉ាងជ្រាលជ្រៅមួយ៕