(ហុងកុង)៖ ចំនួននៃការរៀបអាពាហ៍ពិពាហ៍ថ្មីៗនៅក្នុងប្រទេសចិន បានកើន១២.៤ភាគរយ កាលពីឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ខណៈវាគឺជាប្រែក្រឡាស់ឡើងវិញ នូវនិន្នាការធ្លាក់ចុះមួយ ដែលបានបន្តអស់រយៈពេលស្ទើរតែមួយទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។
ទិន្នន័យដែលទើបចេញផ្សាយដោយក្រសួងកិច្ចការស៉ីវិលចិន បានបង្ហាញថា ចំនួនអ្នករៀបអាពាហ៍ពិពាហ៍ បានកើនឡើងដល់៧.៦៨លានគូ កាលពីឆ្នាំមុន ដោយតួលេខនេះ គឺជាកំណើនក្នុងចំនួន៨៤៥,០០០គូ ធៀបទៅនឹងឆ្នាំ២០២២ ប៉ុន្តែវានៅទាបឆ្ងាយ បើប្រៀបធៀបជាមួយនឹង តួលេខខ្ពស់បំផុតគឺ១៣.៤៧លានគូ កាលពីឆ្នាំ២០១៣។ ការបញ្ចេញទិន្នន័យខាងលើកើតមានឡើង បន្ទាប់ពីក្នុងខែមីនានេះ លោក Li Qiang នាយករដ្ឋមន្រ្តីចិន បានសន្យាថា រដ្ឋាភិបាលនឹងខិតខំធ្វើការឆ្ពោះទៅរកសង្គមមួយ ដែលលើកទឹកចិត្តការយកកូន ហើយលើកកម្ពស់ការអភិវឌ្ឍចំនួនប្រជាជន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានតុល្យភាព ហើយលោកក៏បានសន្យា កាត់បន្ថយថ្លៃចំណាយ លើការយកកូន ក៏ដូចជាការចិញ្ចឹមបីបាច់ និងការផ្តល់ការអប់រំសម្រាប់ពួកគេ ផងដែរ។
បច្ចុប្បន្ន ក្រុមអ្នកតាក់តែងគោលនយោបាយចិន កំពុងប្រឈមបញ្ហាលំបាក ក្នុងការរិះរកមធ្យោបាយឱ្យមានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះចំនួនប្រជាជន ដែលបានមើលឃើញ អត្រាកំណើនថ្មីថមថយ ហើយមនុស្សចាស់មានចំនួនកាន់តែច្រើនឡើង យ៉ាងឆាប់រហ័ស។ អំឡុងពេល១ទសវត្សរ៍ខាងមុខ ប្រជាជនចិនប្រហែល ៣០០លាននាក់ ត្រូវបានរំពឹងថា នឹងឈានដល់អាយុចូលនិវត្តន៍ ខណៈតួលេខនេះ ស្មើនឹងចំនួនប្រជាជនទាំងអស់នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ចំនួនប្រជាជនចិនបានបន្តធ្លាក់ចុះ២ឆ្នាំជាប់គ្នា ស្របពេលក្រុមមន្រ្តីចិនព្រួយបារម្ភថា និន្នាការបែបនេះ នឹងជះផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ក្នុងរយៈពេលវែង សម្រាប់សក្តានុពលនៃកំណើនសេដ្ឋកិច្ច របស់មហាយក្សអាស៉ីមួយនេះ។ ដោយសារតែអត្រារៀបការ មានទំនាក់ទំនងជិតស្និទ្ធជាមួយអត្រាកំណើន ការកើនឡើងនៃការរៀបអាពាហ៍ពិពាហ៍ អាចនឹងនាំឱ្យមានកូនក្មេងកើតច្រើនជាងមុនថែមទៀត ហើយជួយសម្រាលការធ្លាក់ចុះនៃចំនួនប្រជាជន ក្នុងឆ្នាំ២០២៤នេះ៕