(វែលីងតោន)៖ នូវែលសេឡង់ បានចែករំលែកក្តីបារម្ភពីការកើនឡើងនូវភាពតានតឹង នៅឯតំបន់សមុទ្រខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ អំឡុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។

បើតាមសេចក្តីថ្លែងការណ៍របស់នូវែលសេឡង់ នេះជាជំនួបផ្ទាល់លើកដំបូងរវាង លោក Wang Yi និងលោក Winston Peters ដោយកាលពីមុនធ្វើឡើងតែតាមទូរស័ព្ទប៉ុណ្ណោះ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានពិភាក្សាគ្នាអំពីវិស័យពាណិជ្ជកម្ម ធុរកិច្ច និងសន្តិសុខក្នុងតំបន់ប៉ាស៉ីហ្វិក ក៏ដូចជាភាពខ្វែងគំនិតគ្នា រួមទាំងស្ថានភាព និងសិទ្ធិមនុស្សនៅក្នុងតំបន់ស៉ិនជាំង ហុងកុង និងទីបេ។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា «យើងក៏បានគូសរំលេចនូវការចាប់អារម្មណ៍រួមគ្នារបស់នូវែលសេឡង់ និងចិន ចំពោះតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ដែលមានសុវត្ថិភាព វិបុលភាព ហើយបានលើកឡើងពីការព្រួយបារម្ភ អំពីការកើនឡើងនៃភាពតានតឹង នៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់»

គួរបញ្ជាក់ថា លោក Wang ដែលកំពុងស្ថិតនៅក្នុងប្រទេសនូវែលសេឡង់ ក៏ត្រូវជួបលោកនាយករដ្ឋមន្រ្តី Christopher Luxon ផងដែរ មុនពេលចាកចេញទៅកាន់ប្រទេសអូស្រ្តាលីនៅថ្ងៃអង្គារ ដើម្បីជួបសមភាគីរបស់លោកគឺ លោកស្រី Penny Wong ហើយនឹងចូលរួមកិច្ចពិភាក្សាតុមូលជាមួយបណ្តាធុរជន ក្នុងទីក្រុងកង់បេរ៉ា នៅថ្ងៃពុធសប្តាហ៍នេះ៕