(សេអ៊ូល)៖ ប្រធានាធីបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃចន្ទនេះបានចាត់ទុកព័ត៌មានក្លែងក្លាយ និងព័ត៌មានប្រឌិតដោយប្រើបច្ចេកវិទ្យា AI បច្ចេកវិទ្យាឌីជីថល ថាជាការគំរាមកំហែងចំពោះប្រជាធិបតេយ្យ ខណៈដែលប្រទេសរបស់លោក កំពុងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់មកពីជុំវិញពិភពលោក រួមទាំងចក្រភពអង់គ្លេស សហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ ២០២៤។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ លោក យូន បានថ្លែងថា បណ្តាប្រទេសទាំងអស់មានកាតព្វកិច្ចចែករំលែកបទពិសោធន៍ និងចំណេះដឹងដូច្នេះប្រាជ្ញាសប្បនិម្មិត (AI) ក៏ដូចជាបច្ចេកវិទ្យាអាចត្រូវបានប្រើប្រាស់ជាមធ្យោបាយ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ។ ប៉ុន្តែភាពខុសគ្នាខាងបច្ចេកវិទ្យា ក្នុងចំណោមប្រទេសនីមួយៗ គឺជាបញ្ហាប្រឈមដ៏សំខាន់ដែលអាចពណ៌នាបានថា ជាឬសគល់នៃការធ្លាក់ចុះ នូវវិបុលភាពសេដ្ឋកិច្ច និងភាពបរាជ័យក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។ លោក Yoon បានបញ្ជាក់ថា «ព័ត៌មានក្លែងក្លាយ និងព័ត៌មានប្រឌិតតាម AI ក៏ដូចជាបច្ចេកវិទ្យាឌីជីថល មិនត្រឹមតែជារំលោភលើសេរីភាពបុគ្គល និងសិទ្ធិមនុស្សប៉ុណ្ណោះទេ តែថែមទាំងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យផងដែរ»

គួរបញ្ជាក់ថា កូរ៉េខាងត្បូង កំពុងរៀបចំកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ លើកទី៣ ដែលជាគំនិតផ្តួចផ្តើមរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក្នុងគោលបំណងពិភាក្សាអំពីវិធីសាស្រ្ត បញ្ឈប់ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងការបាត់បង់សិទ្ធសេរីភាព។ ការគំរាមកំហែងផ្នែកបច្ចេកវិទ្យាឌីជីថលចំពោះប្រជាធិបតេយ្យ និងមធ្យោបាយលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវបានគេរំពឹងថានឹងក្លាយជារបៀបវារៈសំខាន់នៃកិច្ចប្រជុំរយៈពេល ៣ថ្ងៃ៕