(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរី នាថ្ងៃចន្ទនេះ បានចេញសារទទូចឱ្យពលរដ្ឋខ្លួន ដែលស្ថិតក្នុងបុរីរដ្ឋមួយនេះ នៅឱ្យឆ្ងាយពីសកម្មភាពលេងល្បែងគ្រប់ទម្រង់ទាំងអស់ ហើយបាននិយាយថា ការលេងល្បែងស៉ីសងនៅក្រៅប្រទេស ក៏បំពានច្បាប់របស់ប្រទេសចិនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។
ការចេញសារព្រមានខាងលើធ្វើឡើង ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីបង្រ្កាបសកម្មភាពលេងល្បែងស៉ីសងរបស់ប្រជាជនចិន នៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតចិនបានក្រើនរំលឹកឱ្យ ជនជាតិចិនភាគច្រើននៅសិង្ហបុរី ពង្រឹងការយល់ដឹងផ្នែកច្បាប់ ហើយចៀសឱ្យឆ្ងាយពីការលេងល្បែង។ នៅប្រទេសសិង្ហបុរី មានកាស៉ីណូធំៗពីរ គឺមួយធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាមេរិក Las Vegas Sands ខណៈមួយទៀតជារបស់ក្រុមហ៊ុនសិង្ហបុរីផ្ទាល់ Genting Singapore។ ស្ថានទូតចិនប្រចាំសិង្ហបុរីបានបន្តថា ទោះបីកាស៉ីណូនៅក្រៅទាំងនោះ ត្រូវបានបើកដោយស្របច្បាប់ក៏ដោយ អំពើលេងល្បែងស៉ីសងនៅក្រៅប្រទេស ដោយពលរដ្ឋចិន ក៏ជាអំពើល្មើសច្បាប់់នៃប្រទេសចិនផ្ទាល់ ផងដែរ។
គួរបញ្ជាក់ថា ចិនបាននិងកំពុងពង្រឹងកិច្ចប្រឹងប្រែងបង្ក្រាប ទៅលើសកម្មភាពល្បែងស៉ីសងគ្រប់ទម្រង់នៅឯក្រៅប្រទេស ដោយបានចេញសារព្រមានស្រដៀងគ្នា ទៅកាន់ប្រទេសមួយចំនួនរួចហើយ ដើម្បីព្យាយាមទប់ស្កាត់ទង្វើខុសច្បាប់ទាំងនេះ និងការគំរាមកំហែងចំពោះពលរដ្ឋខ្លួន នៅឯក្រៅស្រុក។ ស្ថានទូតចិននៅសិង្ហបុរី បានសង្កត់ធ្ងន់ជាចុងក្រោយថា ការលេងល្បែងស៉ីសងនៅក្រៅប្រទេស ក៏អាចនាំមកនូវហានិភ័យ នៃការឆបោក ការលាងលុយកខ្វក់ ការចាប់ជំរិត ការឃាត់ខ្លួន ព្រមទាំងការជួញដូរនិងរត់ពន្ធមនុស្ស ថែមទៀតផង។ ស្ថានទូតចិននៅកូរ៉េខាងត្បូងនិងស្រីលង្កា ក៏បានចេញសារព្រមានស្រដៀងគ្នាផងដែរ នាពេលថ្មីៗនេះ៕