(វែលីងតោន)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នាថ្ងៃចន្ទនេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចកម្រមួយ នៅនូវែលសេឡង់ ហើយលោកបានសង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការធ្វើការជាមួយប្រទេសជាមិត្ត នៅចំពោះមុខស្ថានការណ៍អន្តរជាតិ ដែលកំពុងប្រែប្រួលមិន​នឹងនរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។

ទស្សនកិច្ចខាងលើត្រូវគេរំពឹងថា នឹងផ្តោតជាចម្បងលើពាណិជ្ជកម្ម ប៉ុន្តែថ្លែងនៅទីក្រុងវែលីងតោន មុនជំនួបជាមួយសមភាគីនូវែលសេឡង់ លោក Wang បាននិយាយថា វត្តមានរបស់លោកនាពេលនោះ ក៏នឹងបម្រើជាឱកាសមួយផងដែរ ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ ក្រោយជួបភាពធ្លាក់ចុះ ស្របពេលទីក្រុងប៉េកាំង បានប្រកាន់ជំហរកាន់តែរឹងមាំឡើង លើបញ្ហាដូចជាតៃវ៉ាន់និងសមុទ្រចិនខាងត្បូង ជាដើម។

លោកប្រមុខការទូតចិនបានលើកឡើងដូច្នេះថា «នៅចំពោះមុខស្ថានការណ៍អន្តរជាតិ ដែលប្រែប្រួលមិននឹងនរ នាពេលបច្ចុប្បន្ន យើងមាន​ឆន្ទៈពង្រឹងការទាក់ទងគ្នាជាយុទ្ធសាស្រ្ត ជាមួយមិត្តរបស់យើងនៅនូវែលសេឡង់ ពាក់ព័ន្ធទៅនឹងបញ្ហាអន្តរជាតិនិងក្នុងតំបន់ ដែលជាក្តីកង្វល់រួម។ បន្ថែមពីនេះ ពួកយើងនឹងធ្វើការរួមគ្នា ដើម្បីរក្សាសុខសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់ក៏ដូចជាទូទាំងពិភពលោក»

គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់ ស្ថិតក្នុងសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់មួយ ហៅថា Five Eyes ជាមួយសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងអូស្រ្តាលី។ យ៉ាងណាមិញ ទីក្រុងវែលីងតោនបានរងការរិះគន់ ដោយសារតែប្រកាន់ជំហរមិនសូវរឹងមាំ​ចំពោះចិន ដោយផ្តល់អាទិភាពលើទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ខ្ពស់ជាងក្តីបារម្ភអំពីបញ្ហាសន្តិសុខ របស់សម្ព័ន្ធមិត្ត។ ចិនគឺជាប្រទេស​ដៃគូពាណិជ្ជកម្មធំបំផុតរបស់នូវែលសេឡង់។

ដោយឡែក ក្នុងសប្តាហ៍នេះ លោក Wang ក៏នឹងត្រូវជួបរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong ផងដែរ នៅទីក្រុងកង់បេរ៉ា។ ចិននិងអូស្រ្តាលី នាពេលកន្លងទៅនេះ ដោះស្រាយបានជាច្រើន នូវបញ្ហាវិវាទផ្នែកពាណិជ្ជកម្មរវាងគ្នា ដែលបានមើលឃើញ ទីក្រុងប៉េកាំងដំឡើងពន្ធ និងដាក់រនាំងពាណិជ្ជកម្ម លើទំនិញនាំចេញសំខាន់ៗរបស់អូស្រ្តាលី កាលពីឆ្នាំ២០២០ ខណៈវាគឺជាសកម្មភាពសងសឹក ក្រោយទីក្រុងកង់បេរ៉ា បានដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei និងបានអំពាវនាវឱ្យមាន​ការស៉ើបអង្កេតលើ ប្រភពដើមនៃជំងឺឆ្លងរាតត្បាតសកលកូវីដ១៩៕