(គែរ)៖ សហភាពអឺរ៉ុប (EU) បានប្រកាសកញ្ចប់ថវិកាមូលនិធិចំនួន ៧.៤ពាន់លានអឺរ៉ូប ឬស្មើនឹង ៨.១ពាន់លានដុល្លារ ព្រមទាំងដំឡើងកម្រិតទំនាក់ទំនងជាមួយប្រទេសអេហ្ស៉ីប កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដែលជាផ្នែកមួយនៃការជំរុញផែនការទប់ស្កាត់លំហូរជនចំណាកស្រុកទៅកាន់តំបន់អឺរ៉ុប ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ ២០២៤។

កិច្ចព្រមព្រៀងដើម្បីលើកកម្ពស់ទំនាក់ទំនងរវាង EU ជាមួយអេហ្ស៉ីបទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ត្រូវបានបង្ហាញឡើងអំឡុងពេលដែលក្រុមគណៈប្រតិភូនៃមេដឹកនាំ EU ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងគែរ។ កិច្ចព្រមព្រៀងនេះបង្កើតឡើងក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងថាមពលកកើតឡើងវិញ ពាណិជ្ជកម្ម និងសន្តិសុខ ខណៈដែលមាននូវការផ្តល់ជំនួយ ប្រាក់កម្ចី និងមូលនិធិផ្សេងៗទៀតក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់អេហ្ស៉ីប។ ចំណែកមូលនិធិដែលបានស្នើឡើងរួមមាន ៥លានអឺរ៉ូក្នុងកម្ចីសម្បទាន និង ១.៨លានអឺរ៉ូសម្រាប់ការវិនិយោគ ហើយចំនួន ៦០០លានអឺរ៉ូផ្សេងទៀតនឹងត្រូវផ្តល់ជាកញ្ចប់ជំនួយ ដោយក្នុងនោះ ២០០លានអឺរ៉ូបសម្រាប់យកទៅបម្រើឱ្យការគ្រប់គ្រងការធ្វើចំណាកស្រុក។

គួរបញ្ជាក់ថា ប្រធានគណៈកម្មការ EU លោកស្រី Ursula von der Leyen នាយករដ្ឋមន្ត្រីអ៉ីតាលី ក្រិក អូទ្រីស និងបែលហ្ស៉ិក បានទៅកាន់ទីក្រុងគែរ ខណៈដែលរដ្ឋាភិបាលអ៊ឺរ៉ុបមានការព្រួយបារម្ភជាយូរមកហើយ អំពីហានិភ័យនៃអស្ថិរភាពនៅអេហ្ស៉ីប ដែលជាប្រទេសមានប្រជាជនចំនួន ១០៦លាននាក់ និងកំពុងតស៊ូដើម្បីបង្កើនរូបិយប័ណ្ណបរទេស ហើយភាពមិនអនុគ្រោះផ្នែកសេដ្ឋកិច្ចជំរុញឱ្យការធ្វើចំណាកស្រុកចេះតែកើនឡើង។

បើតាមក្រុមអ្នកការទូត សារៈសំខាន់ជាយុទ្ធសាស្ត្ររបស់អេហ្ស៉ីប ត្រូវបានគូសបញ្ជាក់ដោយសង្គ្រាមនៅហ្គាហ្សា ជាកន្លែងដែលខ្លួនកំពុងព្យាយាមសម្រុះសម្រួលរវាងអ៉ីស្រាអែល-ហាម៉ាស និងបង្កើនការផ្តល់ជំនួយមនុស្សធម៌។ រីឯសង្រ្គាមស៊ូដង់ដែលនៅជិតខាងអេហ្ស៉ីប បង្កើតបានជាវិបត្តិផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក៕