(ប៊ីលីស៉ី)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី បានរាយការណ៍កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា South Ossetia ដែលជាតំបន់បំបែកខ្លួនមួយចេញពីប្រទេសហ្សកហ្ស៉ី ហើយហៅខ្លួនឯងថាជារដ្ឋឯករាជ្យនោះ បានពិភាក្សាអំពីការក្លាយជាផ្នែកនៃទឹកដីរុស្ស៉ី ជាមួយក្រុមមន្ត្រីរបស់ទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ ២០២៤។

រុស្ស៉ីទទួលស្គាល់តំបន់ South Ossetia និងតំបន់បំបែកខ្លួនមួយផ្សេងទៀតគឺ Abkhazia ថាជារដ្ឋឯករាជ្យនៅក្នុងឆ្នាំ ២០០៨ បន្ទាប់ពីកងទ័ពរុស្ស៉ីបានវាយបកលើការប៉ុនប៉ងរបស់ហ្សកហ្ស៉ី ដើម្បីដណ្តើមយក South Ossetia មកវិញក្នុងសង្គ្រាម ៥ថ្ងៃនៅឆ្នាំដដែល។ ក្រៅពីរុស្ស៉ី វ៉េណេស៊ុយអេឡា នីការ៉ាហ្គា ណូរូ និងស៉ីរី ក៏បានទទួលស្គាល់ឯករាជ្យភាពនៃតំបន់ទាំងនោះផងដែរ។ ប៉ុន្តែលោកខាងលិចចោទប្រកាន់រុស្ស៉ីថា ព្យាយាមកាត់បញ្ចូលតំបន់ Abkhazia និង South Ossetia ដែលមានចំណែក ១ភាគ ៥នៃទឹកដីហ្សកហ្ស៉ី ហើយហ្សកហ្ស៉ីផ្ទាល់ក៏ចង់បានតំបន់ទាំងពីរនេះត្រឡប់មកវិញ។

ដោយដកស្រង់សម្តីរបស់ លោក Alan Alborov ប្រធានសភានៃតំបន់ South Ossetia ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីបញ្ជាក់ថា «យើងកំពុងពិភាក្សាអំពីបញ្ហានេះ ដោយមានកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីរុស្ស៉ី និងផ្អែកលើការគិតគូរពីទំនាក់ទំនង ក៏ដូចជាសន្ធិសញ្ញាទ្វេភាគីរបស់យើង»។ នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃការធ្វើប្រជាមតិស្តីពីការក្លាយជាផ្នែកនៃទឹកដីរុស្ស៉ី លោក Alborov បានឆ្លើយតបថា «នៅពេលគិតដល់ការចូលរួមជាមួយសហព័ន្ធរុស្ស៉ី យើងសម្រេចថានឹងធ្វើវា»

គួរបញ្ជាក់ថា តំបន់ South Ossetia បានបំបែកចេញពីការគ្រប់គ្រងរបស់ហ្សកហ្ស៉ី នៅក្នុងសង្រ្គាមឆ្នាំ ១៩៩១-១៩៩២ ដោយកាលណោះបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។ ប្រជាជនក្នុងតំបន់ South Ossetia មានចម្រុះជាតិសាសន៍ខុសពីជនជាតិហ្សកហ្ស៉ី ហើយនិយាយភាសា Farsi។ ភាគច្រើននៃប្រជាជននៅទីនោះប្រើប្រាស់លិខិតឆ្លងដែនរុស្ស៉ី ហើយចាយលុយរូប្លិ៍ (rouble) ខណៈដែលសេដ្ឋកិច្ចពឹងផ្អែកលើរុស្ស៉ី៕