(ដែនដីប៉ាឡេស្ទីន)៖ កងទ័ពអ៉ីស្រាអែល នៅថ្ងៃចន្ទ ទី១៨ ខែមីនានេះបានបើកប្រតិបត្តិការមួយនៅក្នុងបរិវេណមន្ទីរពេទ្យធំជាងគេបំផុតនៃតំបន់ហ្កាហ្សា គឺមន្ទីរពេទ្យ Al-Shifa ខណៈសាក្សីជាច្រើននាក់បានរាយការណ៍ពីការទម្លាក់គ្រាប់បែកនៅក្បែរមន្ទីរពេទ្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៉ីស្រាអែលបានគូសបញ្ជាក់ដូច្នេះថា «កងទ័ពអ៉ីស្រាអែលកំពុងដឹកនាំប្រតិបត្តិការជាក់លាក់មួយក្នុងបរិវេណនៃមន្ទីរពេទ្យ Al-Shifaហើយប្រតិបត្តិការនេះធ្វើឡើងផ្អែកលើមូលដ្ឋានព័ត៌មានស៊ើបសម្ងាត់ ដែលបញ្ជាក់ថាមន្ទីរពេទ្យនេះត្រូវបានប្រើប្រាស់ដោយមេដឹកនាំហាម៉ាស»

ជាមួយគ្នានោះដែរ សាក្សីជាច្រើននាក់បានប្រាប់ AFP ថាពួកគេក៏បានឃើញរថក្រោះឡោមព័ទ្ធមន្ទីរពេទ្យ Al-Shifa ផងដែរ។

គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីខែវិច្ឆិកាកន្លងទៅ ក៏ធ្លាប់បានដឹកនាំប្រតិបត្តិការក្នុងមន្ទីរពេទ្យ Al-Shifa ដែរ ដោយបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អន្តរជាតិ។ អ៉ីស្រាអែលបានអះអាងថាមន្ទីរពេទ្យមួយនេះត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស តែក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយបានបដិសេធ៕