(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar បាននិយាយថាប្រជាជនប៉ាឡេស្ទីនចង់ឱ្យមានការបញ្ឈប់ការទម្លាក់គ្រាប់បែក ខណៈរូបលោកអំពាវនាវ ឱ្យមានបទឈប់បាញ់មួយក្នុងតំបន់ហ្កាហ្សា អំឡុងថ្លែងសុន្ទរកថា ក្នុងពិធីបុណ្យ St Patrick's Day នៅឯសេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរៀបចំពិធីបុណ្យ St Patrick's Day ដើម្បីទទួលស្វាគមន៍លោក Varadkar ដែលបានបំពេញទស្សនកិច្ចប្រចាំឆ្នាំ ទៅកាន់ ទីក្រុងវ៉ាស៊ីនតោន ដើម្បីអបអរសាទរដល់ទំនាក់ទំនងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងអៀរឡង់។ ថ្លែងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក្រោមក្រសែភ្នែកលោក បៃដិន លោក Varadkar បានគូសបញ្ជាក់ដូច្នេះថា «ប្រជាជនក្នុងតំបន់ហ្កាហ្សា កំពុងត្រូវការស្បៀង ថ្នាំពេទ្យ និងជម្រកជាចាំបាច់ ហើយអ្វីដែល ពួកគេត្រូវការជាពិសេសនោះគឺការបញ្ឈប់ការទម្លាក់គ្រាប់បែក»។ នាយករដ្ឋមន្ត្រីអៀរឡង់រូបនេះបន្ថែមថាក្ដីស្រមៃចង់បានរដ្ឋមួយ នៅលើទឹកដីដូនតា របស់ពួកគេ គឺដូចគ្នាទៅអ្វីដែលអ៉ីស្រាអែលចង់បានដែរ។

គួរបញ្ជាក់ថា លោក Varadkar គឺជាមេដឹកនាំអឺរ៉ុបម្នាក់ដែលរិះគន់ខ្លាំងបំផុតលើសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា ដែលផ្ទុះឡើងក្រោយការវាយប្រហាររបស់ ក្រុមហាម៉ាស លើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន៕