(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទ ទី១៨ ខែមីនានេះបានព្រមានថាលោកខាងលិចថាជម្លោះដោយផ្ទាល់ណាមួយរវាងរុស្ស៉ី និង NATO គឺមានន័យថាពិភពលោកនៅសល់តែមួយជំហានទៀតប៉ុណ្ណោះ ពីសង្រ្គាមលោកលើកទី៣។ ប៉ុន្តែបាននិយាយថាគ្មាននរណាចង់ឃើញសេណារីយ៉ូមួយនេះ កើតឡើងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សង្រ្គាមនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិយ៉ាងស៊ីជម្រៅនៅក្នុងទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៊ីលគុយបា ក្នុងឆ្នាំ១៩៦២មក។ លោក ពូទីន ជាញឹកញាប់ក៏តែងតែធ្វើការព្រមានពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរដែរ តែលោកអះអាងថាមិនធ្លាប់មានអារម្មណ៍ថាចាំបាច់ ត្រូវប្រើអាវុធនុយក្លេអ៊ែរនៅសង្រ្គាមអ៊ុយក្រែននោះទេ។ ការផ្លោងសម្ដីដាក់គ្នាពីសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរបានផ្ទុះឡើងជាថ្មីកាលពីខែមុន ក្រោយ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាលោកមិនច្រានចោលនោះទេចំពោះលទ្ធភាពបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែន។

នៅពេលត្រូវបានសាកសួរដោយ Reuters ពីការអត្ថាធិប្បាយរបស់លោក ម៉ាក្រុង និងពីលទ្ធភាពនៃការផ្ទុះជម្លោះរវាងរុស្ស៉ី និង NATO លោក ពូទីន បានឆ្លើយថា «អ្វីៗគ្រប់យ៉ាងគឺអាចកើតឡើង ក្នុងពិភពលោកសម័យទំនើបនេះ...ហើយវាក៏ច្បាស់ណាដែរថាបើមានជម្លោះដោយផ្ទាល់រវាងរុស្ស៉ី និង NATO នោះពិភពលោក នឹងនៅសល់តែមួយជំហានទៀតប៉ុណ្ណោះពីសង្រ្គាមលោកលើកទី៣។ ប៉ុន្តែខ្ញុំគិតថាគ្មាននរណាម្នាក់ចង់ឃើញរឿងនេះកើតឡើងនោះទេ»

គួរបញ្ជាក់ថា លទ្ធផលបោះឆ្នោតបឋម នៅថ្ងៃចន្ទនេះបានបង្ហាញថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុង ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដែលនេះនឹងបើកផ្លូវឱ្យលោកនឹងត្រូវកាន់អំណាចដឹកនាំប្រទេសរុស្ស៉ី ៦ឆ្នាំបន្ថែមទៀត៕