(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃអាទិត្យនេះបានជំរុញអ៊ីស្រាអែល អនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌កាន់តែច្រើនទៅកាន់តំបន់ហ្គាហ្សា មុនពេលធ្វើដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

លោក​ Scholz ធ្វើដំណើរទៅកាន់កំពង់ផែ Aqaba នៃប្រទេសហ្ស៊កដានីនៅសមុទ្រក្រហម សម្រាប់កិច្ចប្រជុំនៅថ្ងៃអាទិត្យនេះ ជាមួយស្តេចហ្សកដានី Abdullah មុនពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ។

លោកបានប្រាប់អ្នកយកព័ត៌មានមុនការធ្វើដំណើរយ៉ាងដូច្នេះថា «ឥឡូវនេះវាចាំបាច់ណាស់ក្នុងការផ្តល់ជំនួយ ដល់តំបន់ហ្គាហ្សាក្នុងទ្រង់ទ្រាយធំ។ នេះនឹងក្លាយជាប្រធានបទដែលខ្ញុំក៏នឹងត្រូវនិយាយផងដែរ»

លោកក៏បានសម្តែងការព្រួយបារម្ភអំពីការវាយលុកតាមផ្លូវគោកតាមការគ្រោងទុករបស់អ៊ីស្រាអែល ទៅលើទីក្រុង Rafah ដែលជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងពាក់កណ្តាល បានភៀសខ្លួនទៅទីនោះ ដើម្បីគេចចេញពីការវាយប្រហាររបស់អ៊ីស្រាអែល។

លោកបានបន្ថែមថា «ការវាយលុកពេញលក្ខណៈលើទីក្រុង Rafah មានសក្តានុពលក្នុងការបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ ហើយត្រូវតែត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង»

កងទ័ពអាកាសអាល្លឺម៉ង់បាននិយាយថា ខ្លួនបានទម្លាក់ទំនិញសង្គ្រោះបន្ទាន់ចំនួន ៤ តោនទៅចូលតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។ ប៉ុន្តែបានលើកឡើងថា «រាល់កញ្ចប់ជំនួយទាំងអស់មានសារៈសំខាន់។ ប៉ុន្តែការទម្លាក់តាមអាកាសបែបនេះនេះ វាបានតិចតួចបំផុត»