(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រង ដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបបានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ នៃប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣១,៦៤៥ នាក់ ខណៈ ៧៣,៦៧៦ នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

យោងតាមក្រសួងបានគូសបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩២នាក់ និងរបួស ១៣០នាក់ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣១,៦៤៥នាក់ និងរបួសដល់ ៧៣,៦៧៦នាក់។

គួរជម្រាបថា អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំង នឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ឆ្លងព្រំដែន ភាគខាងត្បូងប្រទេសរបស់ខ្លួន កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលនៅពេលនោះមានមនុស្សប្រមាណ ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕