(កង់បេរ៉ា)៖ ប្រជាជននៅក្នុងតំបន់ Northern Territory និងរដ្ឋ Queensland នៃប្រទេសអូស្រ្តាលី នាថ្ងៃអាទិត្យនេះ ទទួលបាន​ការណែនាំឱ្យត្រៀមលក្ខណៈសម្រាប់ព្យុះស៉ីក្លូនត្រូពិចមួយ ដែលត្រូវបានព្យាករថា នឹងបោកបក់មកដល់ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤។

ទីភ្នាក់ងារឧតុនិយមអូស្រ្តាលី បានប្រកាសថា ព្យុះស៉ីក្លូនឈ្មោះ Megan ដែលមានមានថាមពលកម្រិតលេខ២ កំពុងស្ថិតនៅឈូងសមុទ្រ Carpentaria ជាមួយកម្លាំងខ្យល់បក់អតិបរមា១៥៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយវាត្រូវបានរំពឹងថា នឹងធ្វើដំណើរមកដល់ឆ្នេរភាគខាងជើងរបស់ប្រទេស​អូស្រ្តាលី នៅអំឡុងថ្ងៃចន្ទ ឬព្រលឹមថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ក្នុងទម្រង់ជាព្យុះស៉ីក្លូនត្រូពិចមានឥទ្ធិពលខ្លាំងមួយ។ បើយោងតាម​ការព្យាករ ព្យុះ Megan អាចនឹងបន្តកើនឡើងថាមពល ក្លាយជាព្យុះស៉ីក្លូនកម្រិតលេខ៣ នៅយប់ថ្ងៃអាទិត្យនេះ។ ព្យុះស៉ីក្លូនកម្រិតលេខ៥ គឺព្យុះមាន​កម្លាំងខ្លាំងក្លា និងអាចបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងគេបង្អស់។

គួរបញ្ជាក់ថា កាលពីខែមករា ដើមឆ្នាំនេះ រដ្ឋ Queensland ទើបតែបានរងការវាយប្រហារពីព្យុះស៉ីក្លូនឈ្មោះ Kirrily ខណៈវាគឺជាព្យុះស៉ីក្លូនទី២ ដែលបានបោកបក់ចំតំបន់នោះ គិតចាប់ពីខែធ្នូ ចុងឆ្នាំមុន នៅពេលព្យុះស៉ីក្លូន Jasper បានបង្កការបំផ្លិចបំផ្លាញពាសពេញតំបន់៕