(នីញ៉ាម៉េ)៖ អ្នកនាំពាក្យរបបសឹកនៅនេហ្សេ បានឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា រដ្ឋាភិបាលយោធានៃប្រទេសអាហ្រ្វិកមួយនេះ បានសម្រេចលុបចោលវិញ នូវកិច្ចព្រមព្រៀងយោធាមួយ ដែលអនុញ្ញាតឱ្យកងទ័ព ព្រមទាំងមន្រ្តីស៉ីវិលមកពីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក អាចស្ថិតនៅក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤។
ការសម្រេចចិត្តខាងលើធ្វើឡើង ក្រោយការបំពេញទស្សនកិច្ចក្នុងសប្តាហ៍នេះរបស់ក្រុមមន្រ្តីអាមេរិក ដឹកនាំដោយឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាហ្រ្វិក លោកស្រី Molly Phee ហើយក្នុងនោះរួមមានទាំងលោកឧត្តមសេនីយ៍ Michael Langley ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់អាហ្រ្វិក ផងដែរ។
ចាប់តាំងពីដណ្តើមអំណាចកាលពីខែកក្កដា ឆ្នាំមុនមក របបសឹកនីហ្សេ ដែលដូចទៅនឹងរដ្ឋាភិបាលយោធា នៅប្រទេសជិតខាង២ទៀតដែរ នោះគឺម៉ាលីនិងបួគីណាហ្វាសូ បានបណ្តេញបារាំងក៏ដូចជាកងកម្លាំងអឺរ៉ុបដទៃទៀត ចេញពីប្រទេសរបស់ខ្លួន ហើយងាកទៅរកការគាំទ្រពីសំណាក់ប្រទេសរុស្ស៉ីវិញ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ អាមេរិកមានកងទ័ពប្រហែល១,១០០នាក់ ឈរជើងនៅប្រទេសនីហ្សេ ហើយយោធាអាមេរិកធ្វើប្រតិបត្តិការ ចេញពីមូលដ្ឋានចំនួន២ ក្នុងនោះរួមមានទាំងមូលដ្ឋានយន្តហោះដ្រូន គេស្គាល់ថា Air Base 201។ រដ្ឋាភិបាលយោធារបស់នីហ្សេ បាននិយាយថា វត្តមានកងទ័ពអាមេរិកនៅប្រទេសរបស់ខ្លួន គឺជារឿងខុសច្បាប់ ហើយបំពានរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ៕