(កាប៊ុល)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋាភិបាលតាលីបង់បានបង្ហាញការស្វាគមន៍ ចំពោះការបន្តអាណត្តិ នៃបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន ហើយនិយាយថា បេសកកម្មនេះគួរដើរតួនាទីជួយ​លើកកម្ពស់ទំនាក់ទំនងរវាងអាហ្វហ្កានីស្ថាន និងបណ្តាប្រទេសផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤។

បេសកកម្ម UN នៅអាហ្វហ្កានីស្ថាន ហៅកាត់ថា UNAMA បានរក្សាវត្តមាននៅប្រទេសមជ្ឈិមបូព៌ាមួយនេះ ចាប់តាំងពីឆ្នាំ២០០២មក ហើយទើបតែត្រូវបានបន្តអាណត្តិបេសកកម្មថែមទៀត រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោយការបោះឆ្នោតក្នុងសំឡេងឯកច្ឆន្ទមួយ ដោយក្រុមប្រឹក្សាសន្តិសុខរបស់ UN កាលពីថ្ងៃសុក្រសប្តាហ៍នេះ។

លោក Zabihullah Mujahid អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានលើកឡើងដូច្នេះថា «ការបន្តអាណត្តិបេសកកម្មរបស់ UNAMA នឹងបម្រើដល់ប្រយោជន៍របស់អាហ្វហ្កានីស្ថាន ស្របពេលដែលអាហ្វហ្កានីស្ថាន ត្រូវការតភ្ជាប់ទៅប្រទេសដទៃទៀត និងអង្គការផ្សេងៗ នៅជុំវិញពិភពលោក ហើយ UNAMA អាចជួយជំរុញចំណងទាក់ទងនេះ»

គួរបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលតាលីបង់ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយប្រទេសណាមួយនៅឡើយទេ ចាប់តាំង​ពីការដណ្តើមអំណាចកាលពីខែសីហា ឆ្នាំ២០២១ អំឡុងដំណើរការដកកងទ័ពយ៉ាងចលាចលរបស់អាមេរិក ដោយសារក្តីកង្វល់ពាក់ព័ន្ធ បញ្ហាជាច្រើន រួមមានទាំងសិទ្ធិស្រ្តីព្រមទាំងសន្តិសុខជាដើម។

យ៉ាងណាមិញ លោក Mujahid បានស្នើឱ្យ UNAMA ជួយពាំនាំវឌ្ឈនភាពស្តីពីស្ថានភាពសន្តិសុខ និងស្ថិរភាពរបស់អាហ្វហ្កានីស្ថាន ទៅកាន់សហគមន៍អន្តរជាតិ និងបានថ្កោលទោសការដាក់សម្ពាធយ៉ាងអយុត្តិធម៌ មកលើប្រទេសអាហ្វហ្កានីស្ថាន និងទាមទារសាជាថ្មីឱ្យ ទ្រព្យសម្បត្តិអាហ្វហ្កានីស្ថានទាំងឡាយ ដែលជាប់ការបង្កក ត្រូវបានដោះលែងវិញ៕