(មូស្គូ)៖ នៅថ្ងៃអាទិត្យនេះ ប្រទេសរុស្ស៉ីបានចាប់ផ្តើមថ្ងៃចុងក្រោយ នៃដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ខណៈទីក្រុងមូស្គូ បានចោទអ៊ុយក្រែនអំពីការប្រើប្រាស់ សកម្មភាពវាយប្រហារតាមផ្លូវអាកាស ក្នុងចេតនាប៉ុនប៉ងបំផ្លាញការបោះឆ្នោតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤។

ក្រុមមន្រ្តីរុស្ស៉ីបានឱ្យដឹងថា សម្រាប់រយៈពេល២ថ្ងៃដំបូង គឺប្រជាជនរុស្ស៉ីដែលមានសិទ្ធិបោះឆ្នោត បានទៅចូលរួមបោះឆ្នោតរួចរាល់ហើយ។ ការបោះឆ្នោតនេះត្រូវគេរំពឹងថា នឹងផ្តល់ឱកាសឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅកាន់អំណាចបានរយៈពេល៦ឆ្នាំ ទៅមុខទៀត។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលជាថ្ងៃទី២នៃការបោះឆ្នោតនៅរុស្ស៉ី លោក ពូទីន បានចោទប្រកាន់ថា ទីក្រុងកៀវកំពុងព្យាយាមបង្អាក់និងបំផ្លាញ​ការបោះឆ្នោត តាមរយៈការបង្កើនសកម្មភាពវាយប្រហារដោយដ្រូននិងមីស៉ីល មកក្នុងទឹកដីនៃប្រទេសរុស្ស៉ីផ្ទាល់ ព្រមទាំងទៅលើដែនដីនៅ​អ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រារបស់កងកម្លាំងរុស្ស៉ី។

លោក ពូទីន ក៏បានប្តេជ្ញាថា នឹងសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនផងដែរ។ បើតាមក្រុមមន្រ្តីរុស្ស៉ី នាថ្ងៃអាទិត្យនេះ កងកម្លាំងអ៊ុយក្រែន ហាក់នៅតែបន្តការវាយប្រហាររបស់ខ្លួន មកលើបណ្តាតំបន់របស់រុស្ស៉ី ដែលនៅក្បែរព្រំប្រទល់អ៊ុយក្រែន។ ទីក្រុងកៀវ ចាត់ទុកការបោះឆ្នោតប្រព្រឹត្តទៅនៅតាមដែនដីរបស់ខ្លួន ដែលគ្រប់គ្រង់ដោយរុស្ស៉ី ជាទង្វើខុសច្បាប់និងគ្មានសុពលភាព។

គួរបញ្ជាក់ថា ប្រជាជនរុស្ស៉ីសរុបជាង១១៤លាននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបើតាមគណៈកម្មាធិការកណ្តាលរៀបចំ​ការបោះឆ្នោតរបស់រុស្ស៉ី គិតត្រឹមល្ងាចថ្ងៃសៅរ គឺជាង៦៣លាននាក់ក្នុងចំណោមនោះ បានទៅបោះឆ្នោតរួចរាល់អស់ហើយ៕