(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើលោកមិនឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ឆ្នាំនេះទេ នោះវានឹងមានន័យថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ហាក់ឈានដល់ទីបញ្ចប់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅរដ្ឋ Ohio លោក ដូណាល់ ត្រាំ បានព្រមានដូចខាងលើ បន្ទាប់ពីនៅតែបន្តអះអាងម្តងហើយម្តងទៀតថា ភាពបរាជ័យរបស់លោក ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ក្រោមដៃប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន គឺដោយសារតែ​មានការបន្លំដំណើរការបោះឆ្នោត។ លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើយើងមិនឈ្នះការបោះឆ្នោតលើកនេះទេ ខ្ញុំពុំគិតថា យើងនឹងអាចមានការបោះឆ្នោតទៀត នៅក្នុងប្រទេសនេះឡើយ»

លោក ត្រាំ ដែលកំពុងតែស្ថិតក្រោមការចោទប្រកាន់ព្រហ្មទណ្ឌនៅឯរដ្ឋ Georgia ពីបទព្យាយាមកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ២០២០ នៅទីនោះ ក្នុងសប្តាហ៍នេះទើបតែឈ្នះបានសំឡេងគ្រប់គ្រាន់ ដើម្បីអាចក្លាយជាបេក្ខជនតំណាង ឱ្យបក្សសាធារណរដ្ឋ ដើម្បីទៅប្រជែង​ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែវិច្ឆិកា។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកលើកដំបូង កាលពីឆ្នាំ២០១៦ ប៉ុន្តែកាន់តំណែងបានតែមួយអាណត្តិប៉ុណ្ណោះ ក្រោយចាញ់លោក បៃដិន ពេលព្យាយាមឈរឈ្មោះសម្រាប់អាណត្តិទី២ កាលពីឆ្នាំ២០២០។ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤នេះ គឺសឹងតែមួយរយភាគរយទៅហើយ ដែលលោក ត្រាំ នឹងត្រូវជួបតទល់ជាមួយ លោក បៃដិន សាជាថ្មីម្តងទៀត៕