(ដូហា)៖ ប្រមុខទីភ្នាក់ងារស៉ើបការណ៍សម្ងាត់របស់អ៉ីស្រាអែល (Mossad) ត្រូវបានគេរំពឹងថានឹងដឹកនាំកិច្ចចរចាបទឈប់បាញ់ជាមួយក្រុមអ្នកសម្រុះសម្រួល ដែលត្រូវចាប់ផ្តើមឡើងវិញក្នុងប្រទេសកាតានៅថ្ងៃអាទិត្យ ដោយនេះជាការឆ្លើយតបផ្ទាល់ទៅនឹងសំណើរថ្មីលើកឡើងពីក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ ២០២៤។

កិច្ចពិភាក្សារវាងប្រមុខ Mossad លោក David Barnea នាយករដ្ឋមន្ត្រីនៃប្រទេសកាតា និងក្រុមមន្ត្រីអេហ្ស៉ីប គ្រោងផ្តោតលើបញ្ហាដែលនៅសេសសល់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស រួមទាំងការដោះលែងអ្នកទោស និងជំនួយមនុស្សធម៌។ លោក Barnea ធ្លាប់ចូលរួមនៅក្នុងការជំរុញដ៏សំខាន់មុនពេលមានបទឈប់បាញ់រយៈពេលខ្លីកាលពីខែវិច្ឆិកា។ ជំនួបចុងក្រោយរបស់លោកជាមួយនាយករដ្ឋមន្ត្រីកាតា នៅក្នុងខែមករា បាននាំឱ្យមានសំណើរសុំបទឈប់បាញ់បណ្តោះអាសន្ន តែកាលណោះក្រុមហាម៉ាស់បានបដិសេធ។ ជុំវិញព័ត៌មាននេះ ក្រុមមន្ត្រី​អ៉ីស្រាអែលនៅមិនទាន់មានការអត្ថាធិប្បាយ​នោះទេ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ក្រុមហាម៉ាស់បានលើកសំណើបទឈប់បាញ់ថ្មីមួយឱ្យដល់ក្រុមអ្នកសម្រុះសម្រួល និងសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែលគឺសហរដ្ឋអាមេរិក ដែលរួមមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ជាថ្នូរនឹងសេរីភាពរបស់អ្នកទោសប៉ាឡេស្ទីន៕