(ហ្គាហ្សា)៖ ទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា កុមារម្នាក់ក្នុងចំណោម ៣នាក់ដែលមានអាយុក្រោម ២ឆ្នាំនៅភាគខាងជើងនៃតំបន់ហ្គាហ្សា ឥឡូវនេះកំពុងខ្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយទុរ្ភិក្សកំពុងកើតមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ ២០២៤។

ជាង ៥ខែនៃសង្រ្គាមផ្លូវអាកាស និងជើងគោករបស់អ៉ីស្រាអែលនៅហ្គាហ្សា ដែលបង្កឡើងដោយសារតែការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធភាគច្រើនរងការបំផ្លិចបំផ្លាញ ហើយប្រជាជនភាគច្រើននៃចំនួនសរុប ២.៣លាននាក់ត្រូវផ្លាស់ទីលំនៅ ក៏ដូចជាប្រឈមមុខនឹងវិបត្តិមនុស្សធម៌។

UNRWA បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន យ៉ាងដូច្នេះថា «កង្វះអាហារូបត្ថម្ភរបស់កុមារកំពុងរីករាលដាលយ៉ាងរហ័ស និងឈានដល់កម្រិតមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ហ្គាហ្សា»។ មន្ទីរពេទ្យមួយចំនួននៅក្នុងតំបន់ហ្គាហ្សារាយការណ៍ថា មានកុមារស្លាប់ដោយសារតែកង្វះអាហារូបត្ថម្ភ និងខ្វះជាតិទឹក។ ដោយឡែកឃ្លាំមើលអសន្តិសុខស្បៀងអន្តរជាតិ (IPC) ក៏គ្រោងចេញរបាយការណ៍អំពីវិសាលភាពនៃវិបត្តិភាពអត់ឃ្លាននៅក្នុងតំបន់ហ្គាហ្សានេះដែរ។

គួរបញ្ជាក់ថា បើតាម IPC យ៉ាងហោចណាស់ ២០ភាគរយនៃចំនួនប្រជាជននៅទីនោះខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ដោយកុមារម្នាក់ក្នុងចំណោម ៣នាក់មានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយមនុស្ស ២នាក់ក្នុងចំណោម ១០,០០០នាក់ត្រូវស្លាប់ជារៀងរាល់ថ្ងៃដោយសារការអត់ឃ្លាន ឬកង្វះអាហារូបត្ថម្ភ និងជំងឺ៕