(អ៉ីស្លាម៉ាបាដ)៖ យោធាប៉ាគីស្ថាននិយាយថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារលើប៉ុស្តយោធាមួយនៅក្នុងប្រទេសប៉ាគីស្ថាន ក្បែរប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត បណ្តាលឱ្យស្លាប់ ៧នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ ២០២៤។

បើតាមសេចក្តីថ្លែងការណ៍លើបណ្តាញផ្សព្វផ្សាយរបស់យោធា ឧបទ្ទវហេតុនៅឯភាគពាយព្យប៉ាគីស្ថាននេះ ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធ ៦នាក់តែមិនបានបញ្ចេញឈ្មោះថាជាក្រុមសកម្មប្រយុទ្ធណាទេ។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា «ក្រុមភេរវករបានបើករថយន្តចូលមកក្នុងប៉ុស្ត ហើយធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់ នាំឱ្យដួលរលំផ្នែកខ្លះនៃអគារ និងស្លាប់សមាជិក ៥នាក់នៃក្រុមសកម្មប្រយុទ្ធ រីឯសមាជិកកងកម្លាំងសន្តិសុខ ២ទៀតបានស្លាប់​ក្រោយ​ការ​ប្រយុទ្ធ​គ្នា។ អ្នកស្រុកនៅតំបន់ Waziristan នៃខេត្ត Khyber Pakhtunkhwa របស់ប៉ាគីស្ថាន ជាប់ព្រំដែនអាហ្វហ្គានីស្ថាន បានប្រាប់ Reuters ថាការផ្ទុះអំឡុងពេលវាយប្រហារនោះ បានអង្រួនទ្វារ និងបង្អួចផ្ទះរបស់ពួកគាត់បណ្តាលឱ្យរងការខូចខាត។

គួរបញ្ជាក់ថា រដ្ឋាភិបាលប៉ាគីស្ថាន និងមន្ត្រីសន្តិសុខនិយាយថា ការវាយប្រហារបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលភាគច្រើនធ្វើឡើងដោយក្រុមតាលីបង់ប៉ាគីស្ថាន (TTP) និងការបាញ់ផ្លោងចេញពីទឹកដីរបស់អាហ្វហ្គានីស្ថាន។ ការណ៍នេះបានធ្វើឱ្យខូចទំនាក់ទំនងរវាងប៉ាគីស្ថាន និងក្រុមតាលីបង់ដែលតែងបដិសេធថា ពួកគេមិនបានអនុញ្ញាតឱ្យទឹកដីអាហ្វហ្គានីស្ថានត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធនោះទេ៕