(ព្រុចសែល)៖ ពលរដ្ឋរុស្ស៊ីបានចេញទៅបោះឆ្នោតដើម្បីជ្រើសរើស ប្រធានាធិបតីអាណ្ណត្តិថ្មីរយៈពេល៦ឆ្នាំ។ នៅជាមួយនឹងការបោះឆ្នោត ការវាយប្រហារដាក់គ្នាទៅវិញទៅមក រវាងរុស្ស៊ីនិងអ៊ុយក្រែននៅ តែបន្ត គ្រាដែលប្រទេសអាល្លឺម៉ង់, បារាំង និងប៉ូឡូញ កំពុងតែខ្នះខ្នែងស្វែងរក ជំនួយយោធា ជួយដល់អ៊ុយក្រែនដើម្បីទប់ទល់នឹងស្ថានការណ៍ ក្នុងឆ្នាំ២០២៤នេះ។ មន្ត្រីសហភាពអឺរ៉ុប បានជំ រុញឱ្យសហរដ្ឋអាមេរិក ត្រូវប្រញាប់អនុម័តកញ្ចប់ជំនួយយោធា៦១ពាន់លាន ដុល្លារ មកឱ្យអ៊ុយក្រែនជាមួយក្តីបារម្ភថាអ៊ុយក្រែន នឹងមិនអាចរង់ចាំជំនួយធ្លាក់ក្រោយលទ្ធផលការ បោះឆ្នោតរបស់សហរដ្ឋអាមេរិកនោះបានទេ។

រុស្ស៊ីកំពុងរៀបចំការបោះឆ្នោតប្រធានាធិបតី ជាមួយនឹងការជឿជាក់ពិតប្រាកដថាលោកវ្លាឌី មៀរពូទីនអាចបន្តការគ្រប់គ្រងរបស់លោក ពេញមួយទសវត្សរ៍នេះថែមទៀត។ បើលោកពូទីន ឈ្នះឆ្នោតហើយបន្តអំណាចជាប្រធានាធិបតីរុស្ស៊ី ក្នុងអាណ្ណត្តិ៦ឆ្នាំទៅមុខទៀតនេះ អ៊ុយក្រែន នឹងប្រឈមសម្ពាធសង្គ្រាម កាន់តែខ្លាំងក្នុងឆ្នាំ២០២៤ ដោយសារតែការខ្វះគ្រឿងសព្វាវុធនិង គ្រាប់រំសេវ។

ការបោះឆ្នោតជាផ្លូវការរបស់រុស្ស៊ីដើម្បីជ្រើសរើសប្រធានាធិបតីអាណ្ណត្តិថ្មី បានចាប់ផ្តើមពីថ្ងៃ ទី១៥ មីនារយៈពេលបីថ្ងៃ បើទោះបីជាមាន ការបោះឆ្នោតខ្លះ បានធ្វើនៅមុនកាលកំណត់ ក្នុងនោះរួមមានទាំងនៅក្នុង តំបន់ភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៊ីបានកាត់យកធ្វើជាតំបន់ រណបកាលខែកញ្ញាឆ្នាំ២០២៣។

រដ្ឋាភិបាលក្រុងគៀវ បានតវ៉ាថា ការបោះឆ្នោតក្នុងតំបន់ ដូណេតស៍, លូហានស៍, ហ្សាប៉ូរីហ្សៀ, Kherson និងតំបន់គ្រីមៀរដែលរុស្ស៊ី បានគ្រប់គ្រង ក្នុង ពេលនេះ គឺជាការបោះឆ្នោតខុសច្បាប់និងមិនអាចយកជាការបានឡើយ ប៉ុន្តែទោះបីមានការ តវ៉ាយ៉ាងណាក៏ដោយ តំបន់នៃទឹកដីដែលរុស្ស៊ីបានកាន់កាប់ទាំងនោះ ត្រូវបានធ្វើទៅហើយ ជាមួយការបង្ហាញមុននេះ តាមរយៈការស្ទង់មតិថា ពលរដ្ឋនៅតែគាំទ្រ លោកវ្លាឌីមៀរពូទីន ឱ្យ បន្តធ្វើជាមេដឹកនាំរុស្ស៊ីថែមទៀត។

ការស្ទង់មតិ បានបង្ហាញទៀតថាមិនមានឥទ្ធិពលណា ដែលនឹងអាចធ្វើឱ្យលោកពូទីន នឹងបាត់បង់អំណាចក្នុងការគ្រប់គ្រងរុស្ស៊ី ក្នុងអាណ្ណត្តិថ្មីទៀត ឡើយ។ លោកវ្លាឌីមៀរពូទីន បានអំពាវនាវដល់ពលរដ្ឋរុស្ស៊ី សូមចេញទៅបោះឆ្នោតដោយ លោកថ្លែងថាលទ្ធផលនៃសន្លឹកឆ្នោត នឹងមានប្រយោជន៍ជាខ្លាំងណាស់ដែលនឹងជះឥទ្ធិពល លើការអភិវឌ្ឍន៍ប្រទេសរុស្ស៊ី។

លោកវ្លាឌីមៀរពូទីន បានថ្លែងប្រាប់ពលរដ្ឋរុស្ស៊ីថា «ខ្ញុំសូមបញ្ជាក់ថាប្រភពតែមួយគត់នៃការ កាន់អំណាចក្នុងប្រទេសរបស់យើង គឺប្រជាជនរុស្ស៊ី»។ លោកបញ្ជាក់ថា «នេះគឺជាចំណុចចែង សំខាន់ក្នុងរដ្ឋធម្មនុញ្ញដែលមានអត្ថន័យចម្បងថា មានតែអ្នកទេដែលជាពលរដ្ឋរុស្ស៊ី ដែលនឹង កំណត់ជោគវាសនាមាតុប្រទេសរបស់យើង»

****រុស្ស៊ីនិងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណ្ណត្តិថ្មី

សេចក្តីរាយការណ៍បានបង្ហាញថាក្នុងការចេញទៅបោះឆ្នោតនេះ, បេក្ខភាពប្រធានាធិបតី ឈរឈ្មោះប្រឆាំងការធ្វើសង្រ្គាម ត្រូវបានគេរារាំងមិនឱ្យឈរឈ្មោះឡើយ…ចំណែកលោក Alexey Navalny អតីតមេដឹកនាំប្រឆាំ ដែលត្រូវបានបំពុលនិងជាប់គុក និងជាជាសំឡេង ប្រឆាំងនឹងលោកពូទីនលេចធ្លោជាងគេបំផុត នៅក្នុងប្រទេសរុស្ស៊ីនោះ បានស្លាប់កាលពីខែមុន រួចទៅហើយដែរ។

ទោះជាយ៉ាងណាក្តី គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោតរុស្ស៊ី បានអនុម័តបេក្ខជនចំនួន៣នាក់ ដើម្បីឈរឈ្មោះប្រកួតប្រជែង ជាមួយនឹងលោកវ្លាឌីមៀរ ពូទីន ក្នុងពេលនេះ។ គួប្រជែងទាំងបីគឺលោក Leonid Slutsky នៃគណបក្សប្រជាធិបតេយ្យ សេរី, លោក Vladislav Danokov នៃគណបក្សប្រជាជនថ្មី និងលោក Nikolay Kharitonov នៃ គណបក្សកុម្មុយនីស្ត។ បេក្ខជនឈរឈ្មោះ ទាំងបីនាក់នេះ ត្រូវគេរាយការណ៍ថាជាបេក្ខជន ដែលមិនប្រឆាំងចំពោះសកម្មភាពវាយប្រហារយោធា របស់រុស្ស៊ីដាក់ទៅលើ អ៊ុយក្រែនឡើយ។ សេចក្តីរាយការណ៍បន្ថែមថា នៅមានបេក្ខជនមួយទៀតឈ្មោះ Boris Nadezhdin ប៉ុន្តែលោក មិនអាចឈរឈ្មោះ បានឡើយដោយសារតែ គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជាលោកស្រី Yekaterina Duntsova ផងដែរ។

លោកពូទីនអាយុ៧១ឆ្នាំ ដែលជាអតីតមេចារកម្មម្នាក់ក្នុងអង្គភាព KGB បានឡើងកាន់តំណែង ជាប្រធានាធិបតីស្តីទី ក្រោយការតែងតាំង របស់លោក Boris Yeltsinនៅថ្ងៃចុងក្រោយនៃឆ្នាំ ១៩៩៩។ ក្រោយមកលោកបានឈ្នះក្នុងការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០០០ ជាមួយនឹង សម្លេងឆ្នោត៥៣ភាគរយ និងក្រោយមកទៀត បានឈ្នះភ្លូកទឹកភ្លូកដីក្នុងឆ្នាំ២០០៤ជាមួយ នឹងសម្លេងឆ្នោតគាំទ្រ ៧១.៣ភាគរយ។

ក្នុងឆ្នាំ២០០៨ លោកពូទីនបានក្លាយជានាយករដ្ឋមន្ត្រីរុស្ស៊ី ខណៈលោក Dmitry Medvedev បានឡើងជាប្រធានាធិបតី នាពេលនោះ។ ក្នុងឆ្នាំ២០០៨នោះ រុស្ស៊ីបានធ្វើវិសោធនកម្មពន្យា អាណ្ណត្តិប្រធានាធិបតី៤ឆ្នាំ ដល់រយៈពេល៦ឆ្នាំ។ ក្រោយមកលោកពូទីន បានឡើងមកកាន់តំណែង ជាប្រធានាធិបតីរុស្ស៊ីវិញ ក្នុងឆ្នាំ២០១២ ជាមួយនឹងសម្លេងឈ្នះឆ្នោត៦៣.៦ភាគរយ និងក្រោយមកទៀត គឺនៅក្នុងឆ្នាំ២០១៨ លោក ពូទីន បានឈ្នះភ្លូកទឹកភ្លូកដីម្តងទៀត ក្នុងសម្លេងគាំទ្រ៧៦.៧ភាគរយ។

លោក ពូទីន បានក្លាយជាប្រមុខរដ្ឋដឹកនាំប្រទេសរុស្ស៊ីនៃសតវត្សទី២១, លោកជាអ្នកសរសេរ កែឡើងវិញនូវច្បាប់និងអនុសញ្ញា នៃប្រព័ន្ធនយោបាយរបស់រុស្ស៊ី។ លោកត្រូវគេចាត់ទុកថា អ្នកគ្រប់គ្រងអំណាចយូរជាងគេបំផុតរបស់រុស្ស៊ី ចាប់តាំងពីអតីតមេដឹកនាំសូវៀត លោក Joseph Stalin និងថែមទាំងយូរជាងលោក Leonid Brezhnev ដែលកាន់អំណាច១៨ឆ្នាំនោះ ទៅទៀត។ លោក ពូទីន បានចុះហត្ថលេខាលើច្បាប់មួយនៅឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យរូបលោកឈរ ឈ្មោះសម្រាប់អាណត្តិប្រធានាធិបតី ពីរអាណ្ណត្តិបន្ថែមទៀត រហូតដល់ឆ្នាំ២០៣៦។ ការបោះ ឆ្នោតនាពេលនេះ គឺជាការចាប់ផ្តើមដំបូងនៃអាណត្តិបន្ថែមទាំងពីរ។

លទ្ធផលនៃការបោះឆ្នោតត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ ដោយអ្នកឈ្នះនឹងត្រូវសម្ពោធនៅខែឧសភា ដើម្បីកាន់តំណែងរយៈពេល៦ឆ្នាំ ហើយអ្នកដែលរំពឹង ឡើងកាន់តំណែង៦ឆ្នាំនោះ មិនមានអ្នកណាក្រៅពីលោកវ្លាឌីមៀរពូទីននោះឡើយ។ ការបោះឆ្នោតជុំទីពីរ នឹងប្រព្រឹត្តទៅរយៈពេលបីសប្តាហ៍ បន្ទាប់ពីចុងសប្តាហ៍នេះ ប្រសិនបើគ្មានបេក្ខជនណាទទួលបាន សម្លេងឆ្នោតលើសពីពាក់កណ្តាលនោះទេ។ ការបោះឆ្នោតនេះទៀត ត្រូវបានគេអនុវត្តតាមប្រព័ន្ធ Online ពីចម្ងាយផងដែរ។

***តើសហភាពអឺរ៉ុបនិងអង្គការណាតូ បាននិយាយអ្វីខ្លះពាក់ព័ន្ធនឹងការបោះឆ្នោតនៅរុស្ស៊ីនេះ?

នៅថ្ងៃព្រហស្បតិ៍មុនថ្ងៃបោះឆ្នោតមួយថ្ងៃនោះ ទាំងសហភាពអឺរ៉ុប និងអង្គការណាតូ បាននិយាយរួមគ្នាថា លទ្ធផលបោះឆ្នោត ដែលគេរំពឹងថានឹងធ្វើឱ្យលោកពូទីន បានក្លាយជាមេដឹកនាំរបស់រុស្ស៊ីបន្តទៀតនោះ នឹងត្រូវគេចាត់ទុកថាវាមិនមែន ជាការបោះឆ្នោតដោយលក្ខណៈសេរី និងយុត្តិធម៌ឡើយ។ សហភាពអឺរ៉ុប និងអង្គការណាតូ និយាយចោទប្រកាន់ថាវិមានក្រឹមឡាំង របស់លោកពូទីនធ្វើការគាបសង្កត់ដាក់ទៅលើ សម្លេងប្រឆាំងដែលពួកគេចាត់ទុកថាជាការ បោះឆ្នោតបំផ្លាញដំណើរការ ស្របច្បាប់នៃលទ្ធិប្រជាធិបតេយ្យ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែងថាការបោះឆ្នោតក្នុងរុស្ស៊ី នឹងមិនមានលក្ខណៈសេរី និងយុត្តិធម៌ឡើយ ខណៈមន្ត្រីនាំពាក្យសហភាពអឺរ៉ុបលោក Peter Stano បាននិយាយថាការបោះឆ្នោតក្នុងប្រទេសរុស្ស៊ី គឺគ្រាន់តែជាការរៀបចំរបស់រដ្ឋបាល លោកពូទីនតែប៉ុណ្ណោះដែលគ្មានលក្ខណៈសេរីនិងយុត្តិធម៌ឡើយ។

ខណៈដែលនៅរុស្ស៊ី បានចាប់ផ្តើមដំណើរការបោះឆ្នោតជាផ្លូវ ការរយៈពេល៣ថ្ងៃនេះ ការវាយប្រហារគ្នារវាងទាហានរុស្ស៊ី និងអ៊ុយក្រែនមានសភាព កាន់តែខ្លាំងនៅលើ តំបន់សមរភូមិ។ សេចក្តីរាយការណ៍របស់អាល់ហ្សាហ្ស៊ីរ៉ា បាននិយាយថា ក្នុងរយៈពេល២៤ម៉ោង រុស្ស៊ីបាន បង្ហោះដ្រូនអត្តឃាតចំនួន៣៦គ្រឿងវាយប្រហារ ដាក់លើតំបន់ភាគឥសាន ខាគីវ និងស៊ូមី បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បំផ្លាញការផ្សាយទូរទស្សន៍និងវិទ្យុ។ អ៊ុយក្រែន ថ្លែងថាគេបានបាញ់ទម្លាក់ ដ្រូនចំនួន២២គ្រឿង ក្នុងនោះ៥គ្រឿងត្រូវបានបាញ់ទម្លាក់ពេល ហោះរំលងតំបន់ Mykolaiv និងតំបន់ Dnipropetrovsk។

នៅជាមួយគ្នានេះវិញ អ៊ុយក្រែននិង ក្រុមប្រដាប់អាវុធរុស្ស៊ីមួយក្រុម ដែលអ៊ុយក្រែនបានគាំទ្រ បានធ្វើការវាយឆ្មក់ចូលក្នុងទឹកដី រុស្ស៊ីវិញផងដែរ។ សេចក្តីរាយការណ៍ បាននិយាយថា ក្រុមប្រដាប់អាវុធរុស្ស៊ីដែល ប្រឆាំងនឹង វិមានក្រឹមឡាំង បានធ្វើការវាយប្រហារ ចូលក្នុងតំបន់ព្រំដែន Kursk និង Belgorod និងធ្វើឱ្យតំបន់នៅទីនោះ ជាកន្លែងវាយប្រហារគ្នាទៅវិញទៅមក។ កងកម្លាំងឆ្មាំជាតិរុស្ស៊ី Rosgvadir បាននិយាយថាគេបានបណ្តេញក្រុមប្រដាប់អាវុធ ដែលអ៊ុយក្រែនបានគាំទ្រទាំងនោះចេញពី ក្បែរភូមិ Tyotkino ក្នុងតំបន់ Kursk ។នៅជាមួយគ្នានោះ អភិបាលខេត្ត Belgorod របស់រុស្ស៊ី លោក Vyacheslav បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាស របស់អ៊ុយក្រែនដាក់លើ ខេត្ត Belgorod បានសម្លាប់មនុស្ស២នាក់និង៩នាក់ រងរបួសក្នុងភូមិលើទឹកដីរុស្ស៊ីនោះ។

សេចក្តីរាយការណ៍មន្ត្រីការទូត បានថ្លែងថាស្ថានការណ៍សឹករបស់រុស្ស៊ីក្នុងឆ្នាំ២០២៤នេះនឹង មិនមានរូបភាពល្អឡើយបើសិន ជាអ៊ុយក្រែនមិនទទួលបាន កញ្ចប់ជំនួយ៦១ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិកនោះទេ។ ប្រធានគោលនយោបាយការបរទេស សហភាពអឺរ៉ុប លោក Joseph Borell ដែលបានធ្វើទស្សនកិច្ច ក្នុងសហរដ្ឋអាមេរិក បាននិយាយថា «សង្គ្រាមក្នុង ប៉ុន្មានខែទៅមុខទៀតនេះ នឹងក្លាយជាសង្គ្រាមដ៏ធ្ងន់ធ្ងរមួយ»

លោក Joseph Borell បាន អំពាវនាវដល់សមាជិកសភាតំណាងរាស្ត្រអាមេរិក ត្រូវប្រញាប់អនុម័តកញ្ចប់ជំនួយយោធា ៦១ពាន់លានដុល្លារដល់អ៊ុយក្រែន ដោយលោកនិយាយថា អ៊ុយក្រែននឹងមិនអាចទ្រាំរង់ចាំ មើលលទ្ធផលក្រោយការបោះឆ្នោត ខែវិច្ឆិកាឆ្នាំ២០២៤ របស់សហរដ្ឋអាមេរិកបានឡើយ។

នៅជាមួយគ្នានេះផងដែរ ដើម្បីការជួយអ៊ុយក្រែនដើម្បីអាចទប់ទល់ នឹងសភាពការណ៍ឆ្នាំ ២០២៤នេះផងទៀត, អធិបការបតីអាល្លឺម៉ង់ លោក Olaf Scholz, ប្រធានាធិបតីបារាំងលោក អេម៉ានូអែលម៉ាក្រុង, នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk នឹងត្រូវជួបគ្នានៅថ្ងៃសុក្រ ទី១៥ មីនានេះ ដើម្បីពិភាក្សារកជំនួយបន្ទាន់ ដើម្បីជួយអ៊ុយក្រែនដែលកាន់តែបង្ហាញភាពខ្វះ គ្រាប់រំសេវប្រយុទ្ធនៅលើសមរភូមិហើយ។

លោក Olaf Scholz បាននិយាយធានាឱ្យ លោក ហ្សេឡិនស្គី នៃមេដឹកនាំអ៊ុយក្រែនទុកចិត្តថា ប្រទេសជាដៃគូអន្តរជាតិ នឹងធ្វើកិច្ចសហការគ្នា យ៉ាងជិតស្និទ្ធដើម្បីស្វែងរក ជំនួយយោធាជួយ ដល់អ៊ុយក្រែន។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃ នេះក្នុងក្រុងប្រុចសែលដែរថា «អ៊ុយក្រែនចាំបាច់ត្រូវការ ការគាំទ្រច្រើនណាស់ក្នុងពេលនេះ ហើយអ៊ុយត្រូវការជំនួយទាំងនេះ ក្នុងពេលនេះជាចាំបាច់»