(ព័រអ៊ូព្រីន)៖ មេខ្លោងក្រុមជនអន្ធពាលដ៏មានឥទ្ធិពលនៅក្នុងប្រទេសហៃ បានចេញសារគំរាមកំហែងមួយសំដៅលើបណ្តាមេដឹកនាំនយោបាយ ដែលត្រូវមកចូលរួមប្រជុំក្រុមប្រឹក្សាអន្តរកាលតាមការគ្រោងទុក ខណៈដែលការបាញ់បោះគ្នាបានផ្ទុះឡើង បន្ថែមពីលើអំពើហិង្សាដែលសភាពខ្លាំងក្លាស្រាប់ នៅក្នុងរដ្ឋធានី Port-au-Prince។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០២៤។
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Ariel Henry ប្រកាសកាលពីដើមសប្តាហ៍ថានឹងចុះចេញពីតំណែង នៅពេលមានក្រុមប្រឹក្សាមួយដំណើរការ ដំបូងឡើយ រដ្ឋធានី Port-au-Prince មានភាពស្ងប់ស្ងាត់ទេ ប៉ុន្តែអំពើហិង្សាហាក់ដូចជាផ្ទុះឡើងម្តងទៀតកាលពីថ្ងៃពុធ ជាមួយនិងការបាញ់បោះក្នុងសង្កាត់មួយ និងការវាយប្រហារលើសាលាប៉ូលិសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។ មានការឆាបឆេះពន្ធនាគារដ៏ធំមួយ ដែលនាំឱ្យអ្នកទោសប្រដាប់ដោយអាវុធរត់គេចខ្លួន កាលពីដើមខែមីនា។ សហជីពប៉ូលិសនិយាយថា ផ្ទះរបស់មេប៉ូលិសជាតិ លោក Frantz Elbe ក៏ត្រូវបានគេលួចដុតផងដែរការពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា បណ្តាប្រទេសជិតខាងរបស់ហៃទី បាននិងកំពុងបង្កើនការរឹតបន្តឹងសន្តិសុខ ហើយខ្លះទៀតបានជម្លៀសបុគ្គលិកចេញពីស្ថានទូត ខណៈដែលផែនការបញ្ជូនកងកម្លាំងសន្តិសុខអន្តរជាតិឱ្យមកឈរជើង នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់៕