(សេអ៊ូល)៖ ក្រសួងការបរទេសនៃទីក្រុងសេអ៊ូល បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍ខាងមុខនេះ ហើយបើកកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីរបស់លោក គឺលោក Cho Tae-yul។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lim Soo-suk បានបន្តថា លោក Blinken ក៏នឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលសម្រាប់ប្រជាធិបតេយ្យលើកទី៣ ដែលនឹងត្រូវធ្វើឡើងនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធសប្តាហ៍ក្រោយ។ ជំនួបពិភាក្សានោះរវាងលោក Blinken និងលោក Cho នឹងក្លាយជាជំនួបលើកទី២ហើយ របស់ប្រមុខការទូតទាំងពីរ ក្នុងរយៈពេលប្រមាណជា១ខែ ស្របពេលដែលអាមេរិកនិងកូរ៉េខាងត្បូងបង្កើនកិច្ចប្រឹងប្រែង ដើម្បីឆ្លើយតបការគំរាមកំហែងផ្នែកសន្តិសុខ ពីសំណាក់ប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រជាធិបតេយ្យខាងលើ ដែលមានការចូលរួមពីរដ្ឋមន្រ្តីការបរទេស មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសង្គមស៉ីវិលដទៃទៀត នឹងបើកកិច្ចពិភាក្សា នៅក្រោមប្រធានបទ «ប្រជាធិបតេយ្យសម្រាប់អ្នកជំនាន់ក្រោយ» បើយោងតាមសេចក្តីប្រកាសកន្លងមក ដោយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol៕