(ហាណូយ)៖ ទិន្នន័យដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះឱ្យដឹងថា ការនាំចូលអាវុធរបស់វៀតណាមកាលពីឆ្នាំ ២០២៣ បានធ្លាក់ចុះដល់កម្រិតមួយគួរឱ្យកត់សម្គាល់ ខណៈដែលប្រទេសនេះខិតខំធ្វើការ ដើម្បីចៀសឆ្ងាយពីការពឹងផ្អែកលើរុស្ស៉ី ហើយនៅចំពោះមុខការព្រមានពីសំណាក់ក្រុមអ្នកជំនាញ អំពីភាពងាយរងគ្រោះអំឡុងពេលមានជម្លោះក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៤។
វិទ្យាស្ថាន Stockholm International Peace Research Institute (SIPRI) បានឱ្យដឹងថា ទោះបីជាថវិកាប៉ាន់ស្មានមានជាង ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ការនាំចូលអាវុធក្តី ក៏កាលពីឆ្នាំមុនវៀតណាម មិនបានធ្វើការបញ្ជាទិញអាវុធក្នុងទំហំធំណាមួយទេ។ មានតែទទួលបាននាវាចម្បាំងប្រភេទ corvette ដែលបរិច្ចាគដោយឥណ្ឌាប៉ុណ្ណោះ នៅក្នុងទិន្នន័យនាំចូលអាវុធឆ្នាំ ២០២៣របស់វៀតណាម ដែលជាចំនួនតិចតួចបំផុត គិតចាប់តាំងពីឆ្នាំ ២០០៧ និងខុសកាលពីឆ្នាំ ២០២០អំឡុងពេលនៃជំងឺកូវីដ១៩ទៅទៀត ។
យ៉ាងនេះក្តី បើតាមក្រុមអ្នកជំនាញលើវិស័យការពារជាតិ ចំពោះមុខភាពតានតឹងរវាងចិន និងតៃវ៉ាន់ ក៏ដូចជាការប៉ះទង្គិចគ្នាញឹកញាប់ នៅឯតំបន់សមុទ្រចិនខាងត្បូង វៀតណាមអាចស្ថិតក្នុងការខ្វះខាតអាវុធទំនើបៗដើម្បីការពារខ្លួន ប្រសិនបើជម្លោះទ្រង់ទ្រាយធំកើតឡើង។
រដ្ឋាភិបាលវៀតណាម បានបដិសេធអត្ថាធិប្បាយចំពោះមូលហេតុនៃការធ្លាក់ចុះនេះ ប៉ុន្តែមន្រ្តីការពារជាតិជាន់ខ្ពស់មួយរូប បាននិយាយកាលពីខែមករាថា វៀតណាមបានឈានដល់កិច្ចព្រមព្រៀងមួយចំនួន កាលពីអំឡុងពិព័រណ៍យោធាខែធ្នូ ឆ្នាំ ២០២២ តែក្រសួងការពារជាតិមិនបញ្ចេញព័ត៌មាន។
គួរបញ្ជាក់ថា អាវុធដែលប្រទេសអាស៊ានមួយនេះត្រូវការជាងគេ គឺនាវាចម្បាំង យន្តហោះហោះចម្បាំង និងយន្តហោះដ្រូន។ តាមរបាយការណ៍ឆ្នាំ ២០១៩របស់ក្រសួងការពារជាតិ ប្រព័ន្ធការការពារដែនអាកាសរបស់វៀតណាមដំណើរការដោយអាវុធ នាំចូលពីប្រទេសរុស្ស៉ី និងអ៉ីស្រាអែល ហើយមួយចំនួនត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូង កាលពីជាង ៣០ឆ្នាំមុនមកម្ល៉េះ៕