(ម៉ានីល)៖ ប្រទេសហ្វីលីពីន ទទួលបានការសន្យាវិនិយោគប្រមាណ ៥ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុនអាល្លឺម៉ង់ និងអាមេរិកនៅសប្តាហ៍នេះ ក្នុងវិស័យនានាដូចជាការថែទាំសុខភាព និងថាមពល ដែលជាកត្តាជោគជ័យដ៏ធំមួយសម្រាប់ប្រទេសនេះ ខណៈដែលកំពុងប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀត ក្នុងតំបន់ក្នុងការទាញយកមូលធនបរទេស។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃពុធថា លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ដែលកំពុងបំពេញទស្សនកិច្ចការងាររយៈពេលបីថ្ងៃនៅប្រទេសអាឡឺម៉ង់ បានទទួលការសន្យាវិនិយោគចំនួន ៤ពាន់លានដុល្លារពីក្រុមហ៊ុនអាល្លឺម៉ង់បន្ថែម ពីលើការប្តេជ្ញាចិត្តជាង ១ពាន់លានដុល្លារពីក្រុមហុនអាមេរិក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកអ្នកស្រី Gina Raimondo បានបញ្ចប់បេសកកម្មពាណិជ្ជកម្ម រយៈពេលពីរថ្ងៃទៅកាន់ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ដែលអមដំណើរដោយនាយកប្រតិបត្តិមកពីក្រុមហ៊ុនចំនួន ២២ រួមទាំងក្រុមហ៊ុន United Airlines ក្រុមហ៊ុន Alphabet's Google ក្រុមហ៊ុន Visa និងក្រុមហ៊ុន Microsoft។
ហ្វីលីពីនបានជម្នះជាយូរមកហើយ ក្នុងការទាក់ទាញមូលធនពីបរទេស ដោយសារបញ្ហានានាដូចជាការិយាល័យធិបតេយ្យ ហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ និងភាពមិនច្បាស់លាស់ផ្នែកគោលនយោបាយ ហើយបានបាត់បង់ក្រុមហ៊ុនានា ទៅឱ្យប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដែលមានគោលនយោបាយផ្តល់ការបន្ធូរបន្ថយពន្ធល្អជាង និងតម្លៃប្រតិបត្តិការទាបជាង។
ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនមូលនិធិឯកជន KKR & Co នឹងវិនិយោគទឹកប្រាក់ចំនួន ៤០០លានដុល្លារក្នុងប្រតិបត្តិការនិងការពង្រីកប៉មទូរគមនាគមន៍នៅក្នុងប្រទេសហ្វីលីពីន។
ក្រុមហ៊ុនទើបបង្កើតថ្មី Ally Power បានប្រកាសកិច្ចព្រមព្រៀងតម្លៃ ៤០០លានដុល្លារជាមួយក្រុមហ៊ុន Manila Electric Co ដើម្បីសាងសង់ស្ថានីយ៍បញ្ចូលអគ្គិសនី និងអ៊ីដ្រូសែន។
បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា ក្រុមហ៊ុន Microsoft កំពុងធ្វើការជាមួយធនាគារកណ្តាលហ្វីលីពីន ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មហ្វីលីពីន ដើម្បីកំណត់របៀបដែលផលិតផល AI របស់ខ្លួនអាចជួយបង្កើនផលិតភាពការងារ។
នៅប្រទេសអាឡឺម៉ង់ ហ្វីលីពីនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងវិនិយោគចំនួន៨ ដែលគ្របដណ្តប់លើការផលិតបន្ទះថាមពលពន្លឺព្រះអាទិត្យ រថយន្ត និងការផលិតរថពាសដែកយោធា។
កិច្ចព្រមព្រៀងផ្សេងទៀតរួមមាន ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលមន្ទីរពេទ្យ មជ្ឈមណ្ឌលនវានុវត្តន៍ និងភាពជាដៃគូផ្នែកថែទាំសុខភាពឌីជីថល និងការស្តារដីស្រែចម្ការឡើងវិញ។
ទិន្នន័យពីគេហទំព័ររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បង្ហាញថា ប្រទេសហ្វីលីពីនបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ១២ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ស្ថិតនៅក្រោយប្រទេសវៀតណាមដែលមានចំនួន ១៥,៧ពាន់លានដុល្លារ និងឥណ្ឌូណេស៊ីចំនួន ២១,១ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕