(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រមុខដឹកនាំកំពូលប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើបទបង្ហាញសមត្ថភាពយោធាមួយ នៃរថក្រោះប្រយុទ្ធស៊េរីថ្មី ស្របពេលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤។
KCNA បាននិយាយថា លោក គីម បានសម្តែងក្តីពេញចិត្តជាខ្លាំង ចំពោះរថក្រោះប្រយុទ្ធប្រភេទថ្មីនោះ ដែលបានបង្ហាញសមត្ថភាពដោយជោគជ័យជាលើកដំបូង កាលពីថ្ងៃពុធសប្តាហ៍នេះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អំឡុងពេលនោះ គឺលោក គីម ជុងអ៊ុន បានបើករថក្រោះថ្មីដោយផ្ទាល់តែម្តង។ វត្តមានរបស់លោក គីម នៅក្នុងព្រឹត្តិការណ៍ខាងលើ គឺបន្ទាប់ពីរូបលោក ទើបតែបានដឹកនាំការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងត្រូវបិទបញ្ចប់សមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នារបស់ខ្លួន ហៅថា Freedom Shield Exercises ដែលមានទាំងការហាត់សមបាញ់គ្រាប់ពិត ក្រោមការចូលរួមពីរថក្រោះ រថពាសដែក ព្រមទាំងយន្តហោះចម្បាំង FA-50។ ជាយូរមកហើយ កូរ៉េខាងជើងបានថ្កោលទោស សមយុទ្ធយោធាបែបនេះថា ជាការហាត់សមសម្រាប់ធ្វើសង្រ្គាម ខណៈទីក្រុងសេអ៊ូលនិងវ៉ាស៉ីនតោន បានអះអាងថា លំហាត់យោធាទាំងនោះ គឺមានគោលដៅដើម្បីតែពង្រឹង សមត្ថភាពការពារខ្លួនសុទ្ធសាធ៕