(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានប្រកាសថា ប្រមុខការទូតចិន លោក Wang Yi នឹងមកកាន់អូស្រ្តាលីនាសប្តាហ៍ក្រោយ ដោយនេះជាសញ្ញាវិជ្ជមានមួយនៃទំនាក់ទំនងដ៏ស្អិតរមួតរបស់ប្រទេសទាំងពីរ បន្ទាប់ពីជួបភាពតានតឹងច្រើនឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៤។
លោក Albanese បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ យ៉ាងដូច្នេះថា «ខ្ញុំទន្ទឹងរង់ចាំជួបលោក Wang Yi កំលុងពេលនៃទស្សនកិច្ចរបស់លោក ក្នុងទីក្រុងកង់បេរ៉ា នៅសប្តាហ៍ក្រោយ។ វាជារឿងល្អណាស់ដែលលោក Wang មកបំពេញទស្សនកិច្ច វាល្អសម្រាប់កិច្ចសន្ទនាគ្នា»។ លោក Albanese បានឱ្យដឹងទៀតថា «វឌ្ឍនភាពដ៏សំខាន់» ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីលុបបំបាត់ឧបសគ្គពាណិជ្ជកម្មជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្រ្តាលី។
គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងអូស្រ្តាលី និងចិន បានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៨មក នៅពេលដែលរដ្ឋាភិបាលមុនរបស់អូស្រ្តាលី បានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ចំពេលមានដាក់ចេញនូវបណ្តាញ 5G ហើយកាន់តែដុនដាបថែមទៀតនៅពេលដែល អូស្រ្តាលីអំពាវនាវឱ្យមានការស៉ើបអង្កេតឯករាជ្យលើប្រភពនៃជំងឺកូវីដ១៩៕