(តៃប៉ិ)៖ ប្រភពពីមន្រ្តីតៃវ៉ាន់និងអាមេរិក បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្នុងសប្តាហ៍នេះ មេដឹកនាំរងជាប់ឆ្នោតរបស់កោះតៃវ៉ាន់ និងជាអតីតតំណាងរបស់តៃវ៉ាន់ ប្រចាំនៅទីក្រុងវ៉ាស៉ីនតោន គឺលោកស្រី Hsiao Bi-khim នាសប្តាហ៍នេះ កំពុងតែស្ថិតនៅសហរដ្ឋអាមេរិក ក្នុងការបំពេញទស្សនកិច្ចលក្ខណៈឯកជនមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤។
មន្រ្តីតៃវ៉ាន់ម្នាក់បានប្រាប់ថា លោកស្រី Hsiao បានធ្វើដំណើរទៅដល់អាមេរិក ក្នុងសប្តាហ៍នេះ ហើយនឹងចំណាយពេលប៉ុន្មានថ្ងៃនៅទីនោះ ក្នុងការបំពេញទស្សនកិច្ចលក្ខណៈឯកជនមួយ ដើម្បីចាត់ចែងរឿងផ្ទាល់ខ្លួន។ ចំណែកអ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក ក៏បានទទួលស្គាល់ដំណើរទស្សនកិច្ចលក្ខណៈឯកជន របស់លោកស្រី Hsiao ផងដែរ ប៉ុន្តែមិនបានឆ្លើយតបនោះឡើយ នៅពេលត្រូវបានសាកសួរថា តើលោកស្រីនឹងឆ្លៀតជួបជាមួយមន្រ្តីរដ្ឋាភិបាលអាមេរិក ដែរឬយ៉ាងណា។ ពាក់ព័ន្ធដំណឹងទស្សនកិច្ចនេះ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំអាមេរិក បានចេញមុខនិយាយថា ប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពធ្វើប្រាស្រ័យទាក់ទងផ្លូវការនានា ទោះក្នុងទម្រង់ណាក៏ដោយ រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ហើយបានហៅលោកស្រី Hsiao Bi-khim ថាជាបុគ្គលជ្រុលនិយមម្នាក់ ដែលមាននិន្នាការគាំទ្រចលនាឯករាជ្យសម្រាប់កោះតៃវ៉ាន់។
គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាននោះឡើយ នៃទឹកដីរបស់ខ្លួន។ លោកស្រី Hsiao ធ្លាប់បានកាន់តួនាទីជាតំណាងរបស់តៃវ៉ាន់ប្រចាំនៅ សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០២០ រហូតដល់ចុងឆ្នាំមុន នៅពេលលោកស្រីចូលរួមជាមួយលោក Lai Ching-te ឈរឈ្មោះជាបេក្ខជនមេដឹកនាំ និងមេដឹកនាំរងថ្មីរបស់តៃវ៉ាន់ ក្នុងការបោះឆ្នោតដែលត្រូវបានរៀបចំឡើង កាលពីខែមករា ដើមឆ្នាំនេះ៕