(មូស្គូ)៖ អាជ្ញាធររុស្ស៊ីបានឱ្យដឹងនៅថ្ងៃអង្គារនេះថា យន្តហោះដឹកទំនិញយោធារបស់ខ្លួនមួយគ្រឿង បានធ្លាក់ភ្លាមៗ បន្ទាប់ពីការហោះឡើងនៅថ្ងៃអង្គារនេះ ជាមួយនឹងមនុស្ស ១៥ នាក់នៅលើនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
ប្រភពដដែលបានគូសបញ្ជាក់ថា យន្តហោះដឹកទំនិញយោធានោះប្រភេទ lyushin Il-76។ វាបានធ្លាក់នៅពេលដែលភ្លើងបានឆាបឆេះម៉ាស៊ីនរបស់វា។ ចំណែកឯ មូលហេតុលម្អិតជុំវិញឧបទ្ទវហេតុនេះ មិនទាន់ត្រូវបានលាតត្រដាងឱ្យដឹងនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការធ្លាក់យន្តហោះនេះបានកើតឡើងនៅក្នុងតំបន់ Ivanovo ខណៈទីភ្នាក់ងារព័ត៌មានអនឡាញរបស់រុស្ស៊ីបានគូសបញ្ជាក់ថា គ្មានអ្នកនៅរស់ទេ។
វីដេអូដែលមិនអាចបញ្ជាក់បាននៅលើបណ្ដាញសង្គមរុស្ស៊ី បានបង្ហាញយន្តហោះមួយគ្រឿងកំពុងហោះចុះក្រោមដោយម៉ាស៊ីនកំពុងឆាបឆេះ។ ផ្សែងខ្មៅបានហុយឡើងលើមេឃ ខណៈឧទ្ធម្ភាគចក្រហោះជុំវិញវា៕