(រ៉ូម)៖ ប៉ូលិសអ៉ីតាលី បានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនចំនួន ៣នាក់ ដែលរស់នៅក្នុងប្រទេសអ៉ីតាលី ដោយសង្ស័យពួកគេមានផែនការ វាយប្រហារលើប្រទេសមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ ២០២៤។
បុរសទាំង ៣នាក់នោះរស់នៅក្នុងទីក្រុង l'Aquila ចម្ងាយ ១២០គីឡូម៉ែត្រភាគខាងលិចទីក្រុងរ៉ូម ដោយបង្កើតជាបណ្តាញមួយ ទាក់ទងនឹងក្រុមប្រដាប់អាវុធ Al-Aqsa Martyrs Brigades ដែលមានទំនាក់ទំនងជាមួយគណប្ស Fatah របស់មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas និងត្រូវបានចាត់ទុកជាក្រុមភេរវករដោយអ៉ីសា្រអែល សហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកផងដែរ។ អ្នកទាំង ៣នាក់ ត្រូវបានចោទប្រកាន់ពីបទសមគំនិតឧក្រិដ្ឋកម្ម ដែលមានគោលបំណងប្រព្រឹត្តអំពើភេរវកម្ម ឬការបំផ្លិចបំផ្លាញសណ្តាប់ធ្នាប់ប្រជាធិបតេយ្យ ដែលត្រូវអនុវត្តទោសជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ រដ្ឋមន្រ្តីមហាផ្ទៃអ៉ីតាលី លោក Matteo Piantedosi និយាយថា អ៉ីតាលី តែងតែមានការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងភាពជ្រុលនិយម។
គួរបញ្ជាក់ថា ម្នាក់ក្នុងចំណោមពួកគេ ត្រូវបានស្វែងរកចាប់ខ្លួនដោយអ៉ីសា្រអែល ដែលកំពុងធ្វើសង្រ្គាមជាមួយក្រុមហាម៉ាសនៅហ្គាហ្សា ហើយតុលាការអ៉ីតាលីក៏កំពុងពិនិត្យលើ សំណើសុំធ្វើបត្យាប័នបុរសរូបនោះ៕