(ជីស៉ីណូ)៖ ក្រសួងការបរទេសម៉ុលដាវី បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ អំពីការកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី ឱ្យមកពន្យល់នូវមូលហេតុ ដែលរុស្ស៉ីមានផែនការរៀបចំមណ្ឌលបោះឆ្នោតចំនួន ៦ នៅលើទឹកដីនៃតំបន់ផ្តាច់ខ្លួនម៉ុលដាវី ដោយគ្មានការយល់ព្រមជាមុន ខណៈការបោះឆ្នោតសកលរបស់រុស្ស៉ី គ្រោងធ្វើឡើងក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ ២០២៤។

ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំម៉ុលដាវី លោក Oleg Vasnetsov ត្រូវមកបង្ហាញខ្លួននៅក្រសួងការបរទេស នាថ្ងៃអង្គារនេះ ដើម្បីបកស្រាយ នូវសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា នឹងមានការរៀបចំមណ្ឌលបោះឆ្នោតចំនួន ៦កន្លែងនៅក្នុងតំបន់ Transdniestria។ ការណ៍នេះគឺផ្ទុយទៅនឹងកិច្ចព្រមព្រៀង ក្នុងការបើកស្ថានទូតរុស្ស៉ីតែមួយនៅទីក្រុង Chisinau ដែលជារដ្ឋធានីនៃអតីតសហភាពសូវៀត Moldova ស្ថិតនៅចន្លោះអ៊ុយក្រែន និងរ៉ូម៉ានី។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធីបតីរុស្ស៉ី គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ដោយលោក វ្ល៉ាឌីមៀ ពូទីន រំពឹងថានឹងអាចយកឈ្នះគូប្រជែងចំនួន ៣ផ្សេងទៀត។ តំបន់ Transdniestria បានបំបែកខ្លួនចេញពីម៉ុលដាវី នៅពេលដែលអតីតសហភាពសូវៀតដួលរលំ ដោយការធ្វើសង្រ្គាមរយៈពេលខ្លីប្រឆាំងនឹងម៉ុលដា។ បច្ចុប្បន្នកងរក្សាសន្តិភាពរុស្ស៉ីប្រហែល ១,៥០០នាក់កំពុងឈរជើងនៅទីនោះ៕