(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងដោះលែងមនុស្សទាំងអស់ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ សម្រាប់ការចូលរួមក្នុងសកម្មភាពវាយប្រហារឆ្នាំ២០២១ លើវិមានសភារបស់សហរដ្ឋអាមេរិក ប្រសិនបើលោកជាប់ឆ្នោតសាជាថ្មី នៅខែវិច្ឆិកា ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។
លោក ត្រាំ បានប្រកាសថា ក្នុងសកម្មភាពដំបូងៗ នៅពេលបានជាប់ជាប្រធានាធិបតីអាមេរិកម្តងទៀត រូបលោកនឹងដោះលែងអ្នកទាំងឡាយ ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារទាំងគ្មានកំហុស ដោយសារតែសកម្មភាពថ្ងៃ៦ មករា ២០២១។ កាលពីថ្ងៃនោះ ក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ បាននាំគ្នាសម្រុកចូលលុកលុយវិមាន Capitol របស់អាមេរិក ដើម្បីព្យាយាមរារាំងការផ្ទេរអំណាចឱ្យលោក ចូ បៃដិន បន្ទាប់ពីលោក ត្រាំ បានចាញ់លោក បៃដិន ក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។
មនុស្សយ៉ាងហោច១,៣៥៨នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការ ក្នុងរយៈពេលប្រមាណ៣៨ខែ គិតចាប់តាំងពីថ្ងៃវាយប្រហារនោះ ហើយខ្ទង់៥០០នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ។ សម្រាប់លោក ត្រាំ ផ្ទាល់ ក៏ប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌចំនួន៤ផងដែរ ក្នុងនោះ២ករណី គឺពាក់ព័ន្ធទៅនឹងការណ៍ដែលលោក ប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោត ក្រោយចាញ់លោក បៃដិន។
គួរបញ្ជាក់ថា ទោះជាបែបនេះក៏ដោយ លោក ត្រាំ ត្រូវគេរំពឹងថា នឹងក្លាយជាបេក្ខជនតំណាងឱ្យបក្សសាធាណរដ្ឋ ហើយត្រូវប្រកួតប្រជែងជាមួយលោក បៃដិន ជាថ្មីម្តងទៀត ដើម្បីដណ្តើមតំណែងប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំនេះ៕