(បាងកក)៖ នាថ្ងៃអង្គារនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីទាមទារជាផ្លូវការ ឱ្យតុលាការរំលាយគណបក្សប្រឆាំង Move Forward។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍បស់ខ្លួន គណៈកម្មការបោះឆ្នោតថៃ បានលើកឡើងថា «មានភស្តុតាងដែលបង្ហាញថា គណបក្ស Move Forward ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ គណៈកម្មការបានពិចារណានិងវិភាគលើ សាលក្រមកន្លងមករបស់តុលាការធម្មនុញ្ញ ហើយបានសម្រេចជាឯកច្ឆ័ន្ទស្នើឱ្យតុលាការធម្មនុញ្ញ រំលាយគណបក្ស Move Forward»។
កាលពីខែមករា ដើមឆ្នាំ២០២៤នេះ តុលាការធម្មនុញ្ញថៃ បានសម្រេចថា បក្ស Move Forward ដែលបានទទួលជ័យជម្នះនាំមុខគេ ក្នុងការបោះឆ្នោតសកលឆ្នាំមុន ប៉ុន្តែត្រូវបានរារាំងមិនឱ្យដឹកនាំរដ្ឋាភិបាល បានបំពានរដ្ឋធម្មនុញ្ញ តាមរយៈផែនការចង់ធ្វើវិសោធនកម្មច្បាប់ ស្តីពីការការពារព្រះចេស្តាព្រះមហាក្សត្រ ក្រោមហេតុផលថា ផែនការនោះបង្កប់នៅនូវកិច្ចប្រឹងប្រែង ដើម្បីប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ។
គួរបញ្ជាក់ថា គណបក្សនយោបាយជំនាន់មុនរបស់ Move Forward គឺបក្ស Future Forward ដែលមានគោលនយោបាយស្រដៀងគ្នា ធ្លាប់ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចរំលាយចោលកាលពីឆ្នាំ២០២០ម្តងរួចទៅហើយ ដោយសារល្មើសគោលការណ៍ច្បាប់ឃោសនាបោះឆ្នោត៕