(អ៊ូឡង់បាទ័រ)៖ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho បានបើកកិច្ចពិភាក្សានៅប្រទេសម៉ុងហ្គោលីក្នុងសប្តាហ៍នេះ ជាមួយសមភាគីរបស់លោក ក្នុងដំណើរបំពេញទស្សនកិច្ចកម្រមួយចេញក្រៅប្រទេស ដោយប្រតិភូការទូតរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក Pak បានជួបសម្តែងការគួរសមជាមួយ ប្រមុខការទូតរបស់ម៉ុងហ្គោលី លោកស្រី Battsetseg Batmunkh កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ មុនបើកកិច្ចពិភាក្សាទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសម៉ុងហ្គោលី លោក Amartuvshin Gombosuren កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
ម៉ុងហ្គោលីជាប្រទេសស្ថិតនៅចន្លោះ សម្ព័ន្ធមិត្តដ៏សំខាន់ទាំងពីររបស់ទីក្រុងព្យុងយ៉ាង គឺរុស្ស៉ីនិងចិន ហើយពឹងផ្អែកលើចិនសម្រាប់ការនាំចូលថាមពល និងទៅលើរុស្ស៉ី សម្រាប់ការនាំចេញវត្ថុធាតុដើម ជាចម្បងគឺធ្យូងថ្ម។ យ៉ាងណាមិញ ម៉ុងហ្គោលីបានព្យាយាមប្រកាន់ជំហរអព្យាក្រឹត ជាមួយគោលនយោបាយការបរទេសរបស់ខ្លួន ដោយស្វែងរកតុល្យភាពក្នុងចំណងទាក់ទងជាមួយប្រទេសធំៗ រួមមានទាំងសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហើយទន្ទឹមគ្នានៅរក្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កូរ៉េខាងត្បូងធ្លាប់បានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៉ីម្នាក់ ក្រោមការចោទប្រកាន់ថា បានបង្កើតក្រុមហ៊ុនមួយនៅប្រទេសម៉ុងហ្គោលី ដើម្បីជួយទីក្រុងព្យុងយ៉ាងគេចវេះពីទណ្ឌកម្ម ក្នុងគោលដៅស្វែងរកការផ្គត់ផ្គង់ហិរញ្ញវត្ថុ សម្រាប់កម្មវិធីអភិវឌ្ឍន៍សព្វាវុធរបស់កូរ៉េខាងជើង ដែលជាប់បម្រាមរបស់អន្តរជាតិ៕