(ប្រ៊ុចសែល)៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃចន្ទ (ទី១១ ខែមីនា) នេះថា ការចូលជាសមាជិករបស់ស៊ុយអែត ទៅក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក បង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន «បរាជ័យ» នៅក្នុងយុទ្ធសាស្ត្ររបស់គាត់ ក្នុងសង្គ្រាមអ៊ុយក្រែន ដើម្បីធ្វើឱ្យសម្ព័ន្ធភាពមួយនេះចុះខ្សោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
លោក Stoltenberg បាននិយាយថា ការលុកលុយរបស់វិមានក្រឹមឡាំង មិនត្រឹមតែជំរុញឱ្យអតីតប្រទេសមិនចូលបក្សសម្ព័ន្ធ ដូចជាស៊ុយអែត និងហ្វាំងឡង់ នៅក្រោមឆ័ត្រការពារជាតិរបស់អង្គការណាតូប៉ុណ្ណោះទេ ប៉ុន្តែថា «ពេលនេះប្រទេសអ៊ុយក្រែនកាន់តែខិតជិតចូលជាសមាជិកអង្គការណាតូ ជាងពេលណាៗទាំងអស់»។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបង្ហូតទង់ជាតិស៊ុយអែត នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុចសែល ជាកន្លែងដែលប្រទេសនេះបានក្លាយជារដ្ឋសមាជិកទី៣២ របស់សម្ព័ន្ធ។
នាឱកាសនោះ លោក Stoltenberg បានថ្លែងយ៉ាងដូច្នេះថា «នៅពេលដែលប្រធានាធិបតី ពូទីន បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំកាលពីពីរឆ្នាំមុន គាត់ចង់កាត់បន្ថយចំនួនសមាជិករបស់អង្គការណាតូ និងរឹតបន្តឹងការគ្រប់គ្រងលើប្រទេសជិតខាង។ គាត់ចង់បំផ្លាញអ៊ុយក្រែនជារដ្ឋអធិបតេយ្យមួយ ប៉ុន្តែគាត់បានបរាជ័យ»។ លោកបានបន្តថា «អង្គការណាតូ ផ្ទុយទៅវិញបានក្លាយជាធំជាងមុន និងខ្លាំងជាងមុន»។
គួរជម្រាបថា ប្រទេសហ្វាំងឡង់បានចូលរួមជាមួយអង្គការណាតូកាលពីឆ្នាំមុន យ៉ាងឆាប់រហ័សបន្ទាប់ពីបានដាក់ពាក្យស្នើសុំ។ ដោយឡែកការចូលជាសមាជិករបស់ស៊ុយអែតបានចំណាយពេលយូរបន្តិច ដោយសារសមាជិកប្រទេសតួកគី និងហុងគ្រីរារាំងដំណើរការនេះ។ ទោះជាយ៉ាងណា នៅទីបំផុតទៅប្រទេសស៊ុយអែតក៏បានក្លាយជាសមាជិកផ្លូវការ ក្រោយហុងគ្រីបានអនុម័តយល់ព្រមកាលពីសប្តាហ៍មុន៕