(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទនេះថា ការអំពាវនាវរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស សម្រាប់កិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ត្រូវបានយល់យ៉ាងពេញលេញ ហើយថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីអង្គុយចុះ ប៉ុន្តែទីក្រុងគៀវបានបដិសេធការចរចា ដោយសារតែទស្សនៈខុសរបស់ខ្លួន ដែលថាលោកខាងលិចមានសមត្ថភាពយកឈ្នះរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
សម្តេចសង្ឈកាតូលិក ប៉ាប ហ្វ្រង់ស៊ីស បាននិយាយថា ប្រទេសអ៊ុយក្រែនគួរតែមានអ្វីដែលលោកហៅថាភាពក្លាហានក្នុងការលើក «ទង់ស» ដើម្បីចរចាបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
រុស្ស៊ីបានហៅសង្រ្គាមនេះថាជា «ប្រតិបត្តិការយោធាពិសេស» ដើម្បីធានាសន្តិសុខរបស់ខ្លួន ខណៈទីក្រុងគៀវ និងលោកខាងលិចហៅវាថាជា សង្គ្រាមបែបអាណានិគមដ៏ឃោរឃៅ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន នៅពេលសួរអំពីការអត្ថាធិប្បាយរបស់សម្តេចប៉ាប ដូច្នេះថា «(សម្តេច) បានសម្តែងការគាំទ្រចំពោះការចរចា ដែលអាចយល់បានទាំងអស់គ្នា»។
លោក Peskov បាននិយាយទៀតថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតអំពីការត្រៀមខ្លួន និងការបើកចំហររបស់រុស្ស៊ីចំពោះការចរចា ប៉ុន្តែអ៊ុយក្រែនបានច្រានចោលសំណើបែបនេះ។
លោកបានបន្ថែមថា «ជាអកុសល សេចក្តីថ្លែងការណ៍របស់សម្តេចប៉ាប និងសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះរបស់ភាគីផ្សេងទៀត រួមទាំងរបស់យើងផងដែរ ត្រូវបានទទួលរងនូវការបដិសេធយ៉ាងខ្លាំងនាពេលថ្មីៗនេះ»។
គួរជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅ សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស បានមានព្រះបន្ទូលក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនគួរតែភាពក្លាហាន «លើកទង់ស» និងចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ក្រោយការឈ្លានពានរបស់ទីក្រុងមូស្គូអស់រយៈពេលជាង២ឆ្នាំមកនេះសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់។
ការលើកឡើងនេះ បានធ្វើឱ្យអ៊ុយក្រែនបានច្រានចោលទាំងការខឹងសម្បារ ហើយប្ដេជ្ញាថានឹងមិនទម្លាក់អាវុធសុំចុះចាញ់រុស្ស៉ីដាច់ខាត៕