(វ៉ាទីកង់)៖ សម្តេចព្រះសង្ឃរាជ Pope Francis បានមានព្រះរាជបន្ទួល អំពាវនាវឱ្យមេដឹកនាំអ៊ុយក្រែន មិនត្រូវខ្មាស់អៀនក្នុងការចរចា និងក៏ត្រូវមានសេចក្តីក្លាហាន ក្នុងការហ៊ានលើកទង់ជ័យសចុះចាញ់ដែរ។ ព្រះរាជបន្ទូលនោះ បាននាំឱ្យមានការខឹងសម្បារពីអ៊ុយក្រែន និងប្រទេសជាសម្ព័ន្ធ មិត្តគ្រាដែលអ៊ុយក្រែនបានបដិសេធមិនចុះចាញ់រុស្ស៊ី និងមិនធ្វើការចរចាណាមួយដោយប្រគល់ទឹកដីភាគខាងកើត ឱ្យទៅរុស្ស៊ីឡើយ។
ប្រទេសអ៊ុយក្រែនបាននិយាយរិះគន់យ៉ាងខ្លាំងក្លា ដល់ព្រះរាជបន្ទួលសម្តេចព្រះសង្ឃរាជ Pope Francis ដែលចង់ឱ្យអ៊ុយក្រែន ចង់ចរចាជាមួយនឹងរុស្ស៊ី ខណៈសង្គ្រាម អូសបន្លាយជាង២ឆ្នាំមកនេះ បានធ្វើឱ្យបាត់បង់ទឹកដីភាគខាងកើត, បណ្តាលឱ្យមាន មនុស្សស្លាប់និង របួសច្រើនសិបម៉ឺននាក់, ហេដ្ឋារចនាសម្ព័ន្ធ បានរងការខូចខាតស្ទើរខ្ទេចខ្ទី និងពលរដ្ឋភៀសខ្លួនមានច្រើន លាននាក់ថែមទៀត។
សម្តេចព្រះសង្ឃរាជ Pope Francis ក្នុងព្រះរាជបន្ទូលក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី២កុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែទើបត្រូវបានចាក់ផ្សាយ ក្នុងខែមីនានេះ បានអំពាវនាវឱ្យ មេដឹកនាំអ៊ុយក្រែន មិនត្រូវខ្មាស់អៀនក្នុងការចរចា នៅមុនពេលដែលរឿងរ៉ាវឈានទៅរក ភាពកាន់តែចុះខ្សោយ និងត្រូវមានសេចក្តីក្លាហាន នៃការលើកទង់ជ័យសចុះចាញ់ និងសេចក្តីក្លាហាននៃចរចាបញ្ចប់ សង្គ្រាមជាមួយរុស្ស៊ី។ សម្តេចព្រះសង្ឃរាជ Pope Francis ព្រះជន្ម៨៧ព្រះវស្សាបានមានព្រះរាជបន្ទូលថា «វាជាការពិតប៉ុន្តែខ្ញុំគិតថា អ្នកដែលខ្លាំងជាងគេបំផុតនោះ គឺមនុស្សម្នាក់ដែលចេះសម្លឹងមើលស្ថានភាព, ជាមនុស្សគិតអំពីប្រជាជន និងជាមនុស្សមានសេចក្តីក្លាហាននៃការហ៊ានចុះចាញ់និង ហ៊ានធ្វើការចរចា»។
ព្រះអង្គមានបន្ទូលទៀតថា «បច្ចុប្បន្ននេះអ្នកអាចធ្វើការចរចាជាមួយនឹងមានការជួយពីមហា អំណាចអន្តរជាតិ…ដូច្នេះចូរកុំខ្មាស់អៀន ក្នុងការចរចានៅមុនពេលដែល រឿងរ៉ាវនោះឈាន ទៅរកភាពកាន់តែចុះខ្សោយ»។ ប៉ុន្តែព្រះរាជបន្ទូលរបស់ សម្តេចព្រះសង្ឃរាជ Pope Francis បានរងនឹងសម្តីរិះគន់វាយប្រហារ វិញពីមេដឹកនាំប្រទេសអ៊ុយក្រែន ជាពិសេសព្រះរាជបន្ទូលបញ្ជាក់ថា «ត្រូវមានសេចក្តីក្លា ហានហ៊ានលើកទង់ជ័យសចុះចាញ់»។ អ៊ុយក្រែនបានធ្វើប្រតិកម្មតបវិញថា គេនឹងមិនធ្វើការ ចុះចាញ់លើកទង់ជ័យសឱ្យរុស្ស៊ី ទទួល បានជ័យជំនះឡើយ។
ព្រះរាជបន្ទូលរបស់សម្តេចព្រះសង្ឃរាជ Pope Francis ដែលបានធ្វើឱ្យប្រទេសអ៊ុយក្រែន ខឹងនេះមិនមែនជាលើកដំបូងឡើយ និងព្រះអង្គក៏ធ្លាប់មាន ព្រះរាជបន្ទូលធ្វើឱ្យរុស្ស៊ីខឹងសម្បារ ដល់ព្រះអង្គថែមទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានប្រតិកម្មថា «ទង់ជ័យលើករបស់យើង គឺទង់ជ័យពណ៌លឿងនិងពណ៌ផ្ទៃមេឃ…នោះគឺជាទង់ជ័យដែលយើងប្តេជ្ញារស់និងស្លាប់ និងរក្សាទង់ជ័យនោះឱ្យមានជាដរាប…ហើយយើងនឹងមិនលើកទង់ជ័យណា ក្រៅពីទង់ជ័យ របស់យើងនោះឡើយ»។
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូល៧៤៦ថ្ងៃហើយ គិតត្រឹមថ្ងៃចន្ទទី១១មីនាឆ្នាំ ២០២៤។ ជាងពីរឆ្នាំកន្លងមកនេះ រុស្ស៊ីបានចូលគ្រប់គ្រង់តំបន់ភាគកើតចំនួន៤ និងប្រកាស ដាក់ជាជាទឹកដីរណបថែមទៀត គឺ ខេត្តដូណេតស៍, ខឺសិន, លូហានស៍និងខេត្តហ្សាប៉ូរីហ្សៀ។ មនុស្សស្លាប់និងរងរបួសរៀងៗខ្លួនច្រើនម៉ឺននាក់ ប៉ុន្តែការរកច្រកដើម្បីឈានទៅការបញ្ចប់ សង្គ្រាមនៅតែស្ថិតក្នុងភាពទ័លច្រក ដោយអ៊ុយក្រែនមិនព្រមចរចាដោយការធ្វើសម្បទាន ទឹកដីភាគខាងកើតដល់រុស្ស៊ីឡើយ។
ព្រះរាជបន្ទូលអំពាវនាវរបស់សម្តេចព្រះសង្ឃរាជ Pope Francis ដែលលើកទឹកចិត្តដល់មេដឹកនាំអ៊ុយក្រែន ត្រូវមានសេចក្តីក្លាហាន ធ្វើការចរចា, ហ៊ាន ប្រឈមនឹងការពិតនិងការហ៊ានលើកទង់ជ័យស ចុះចាញ់ទៀតនោះ គឺជាព្រះរាជបន្ទូលដូចជា ការយកសាំងមក ចាក់លើអណ្តាតភ្លើងដែលកំពុងតែឆាបឆេះ។ មន្ត្រីអ៊ុយក្រែនបានប្រៀបប្រ ដូចព្រះរាជបន្ទូលរបស់សម្តេចព្រះសង្ឃរាជ Pope Francis ទៅនឹងព្រះវិហាកាតូលិកខ្លះ ដែលសហការជាមួយនឹងពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២។
លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Kuleba បានអំពាវនាវព្រះវិហារកាតូលិកបុរីវ៉ាទីកង់ថា សូមចៀសវាងនូវកំហុស ដែលធ្លាប់ បានធ្វើពីអតីតកាល។ លោក Kuleba ថ្លែងថា «នៅពេល ដែលនិយាយអំពីការលើកទង់ជ័យស គឺយើងបានដឹងអំពីយុទ្ធសាស្ត្រ របស់ព្រះវិហារបុរី វ៉ាទី កង់តាំងពីពាក់កណ្តាលសតវត្សទី២០នោះមកម្ល៉េះ»។
លោក Kuleba បានលើកយកសម្តីប្រៀបធៀប នូវអ្វីដែលសម្តេចព្រះសង្ឃរាជ Pope Francis ចាត់ទុកនរណាដែលជាមេដឹកនាំខ្លាំង។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បាននិយាយថា «អ្នកដែលខ្លាំងបំផុត គឺអ្នកដែលហ៊ានធ្វើសង្គ្រាម រវាងសភាវៈល្អ និងសភាវៈអាក្រក់, ឈរនៅខាង សភាវៈល្អជាជាងមានបំណងចង់ឱ្យ គេមានបំណងបោះជំហានដូចពីមុនហើយបែរជាចាត់ទុក ថាវាជាការចរចាទៅវិញ»។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅបុរីវ៉ាទីកង់ លោក Andrii Yurash បានថ្លែងប្រៀបធៀប សំណើរកការចរចារបស់សម្តេច Pope Francis ដូចជាការនិយាយជាមួយ មេដឹកនាំផ្តាច់ការ អាល្លឺម៉ង់ លោក Adolf Hitler។ លោក Andrii Yurash បានសរសេរលើបណ្តាញសង្គមថា «មេរៀនមានតែមួយទេ បើយើងចង់បញ្ចប់សង្រ្គាម យើងត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្លាប់សត្វនាគ"។ ព្រះវិហារបុរីកាតូលិកវ៉ាទីកង់ ក្រោយព្រះរាជបន្ទូលរបស់សម្តេចព្រះសង្ឃរាជបានធ្វើឱ្យមាន ការថ្កោលទោសពីប្រទេសអ៊ុយក្រែន នោះមក បានថ្លែងថាព្រះរាជបន្ទូលអំពាវនាវរបស់ សម្តេចព្រះសង្ឃរាជកាតូលិក គឺក្នុងន័យសាមញ្ញចង់ឱ្យមាន ការបញ្ចប់សង្គ្រាមដ៏សាហាវនោះ តែប៉ុណ្ណោះ។
ព្រះវិហារបុរីកាតូលិកវ៉ាទីកង់ បានបកស្រាយថា ការប្រើពាក្យលើក "ទង់ស" គឺជាសញ្ញាដែលគេប្រើយ៉ាងទូលំទូលាយ នៃការចុះចាញ់ នៅលើសមរភូមិ…គឺក្នុងបំណងមានន័យ «ការបញ្ចប់អរិភាព, ជាបទឈប់បាញ់ដែលឈាន ដល់សេចក្តីក្លាហាននៃការចរចា»។ ប៉ុន្តែសម្តីបកស្រាយនោះ មិនចូលត្រចៀកប្រទេសអ៊ុយក្រែន ដែលកំពុងតែស្ថិតក្នុង សភាពក្រពុលមុខនឹងសង្គ្រាមក្នុងពេលនេះឡើយ។
លោក Kuleba បានថ្លែងថារដ្ឋាភិបាលក្រុងគៀវសង្ឃឹមថា សម្តេចព្រះសង្ឃរាជកាតូលិកបុរីវ៉ា ទីកង់នឹងយាងមកទតដោយ ព្រះនេត្រផ្ទាល់របស់ព្រះអង្គ ក្នុងប្រទេសអ៊ុយក្រែនថាតើទំហំ វិនាសកម្មមានសភាពធំប៉ុណ្ណា ក្រោយសង្គ្រាមប្រមាណជាង២ឆ្នាំរួចមកនេះ។
សម្តេច Pope Francis ក៏ធ្លាប់បានរងការរិះគន់មកពីមុនផងដែរបន្ទាប់ពីការលុកលុយខែកុម្ភៈ ឆ្នាំ២០២២ ដោយព្រះរាជបន្ទូល នាពេលនោះ គ្រាន់តែភ្លេចដាក់ឈ្មោះរដ្ឋាភិបាលក្រុងម៉ូស្គូថា ជាអ្នកឈ្លានពាន។ សម្តេចព្រះសង្ឃរាជដដែល ក៏ធ្លាប់ត្រូវបានអ៊ុយក្រែន រិះគន់ថែមទៀត កាលពីឆ្នាំ២០២៣ នៅពេលដែលព្រះអង្គបាន មានព្រះរាជបន្ទូលកោតសរសើរមេដឹកនាំចក្រពត្តិរុស្ស៊ី Peter the Great និងព្រះមហាក្សត្រីយានី Catherine II ។
សម្តេចព្រះសង្ឃរាជ Pope Francis ក៏ធ្លាប់បានធ្វើឱ្យមានការខកចិត្តនៅក្នុងប្រទេសរុស្ស៊ី ផងដែរនៅពេលដែលព្រះអង្គ បានមានបន្ទូលនៅក្នុងរដូវរងាឆ្នាំ២០២២ថា កម្លាំងដ៏សាហាវ "ឃោរឃៅបំផុត" របស់រុស្ស៊ី នៅក្នុងអ៊ុយក្រែន "មិនមែនជាប្រពៃណីរបស់រុស្ស៊ី" ទេ ប៉ុន្តែជារបស់ជនជាតិភាគតិច ដូចជាជនជាតិ Chechens និងជនជាតិ Buryati ជាដើម។ បុរីវ៉ាទីកង់នាពេលនោះ ត្រូវគេឃើញបានសុំទោសជាផ្លូវការទៅកាន់ទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន សម្តេច Pope Francis ធ្លាប់បានតែងតាំងព្រះរាជតំណាងថ្នាក់កំពូលមួយរូប ដើម្បីជួយព្យាយាមស្វែងរកសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ដោយព្រះរាជតំណាងនោះ បានធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូផង, ក្រុងគៀវផង, រដ្ឋធានីវ៉ាស៊ីនតោនអាមេរិក និងនៅក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិនផងដែរ។
មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី ក្រោយព្រះរាជបន្ទូលរបស់សម្តេច Pope Francis បានថ្លែងប្រតិកម្មជាប្រយោលបង្ហាញថា ព្រះរាជបន្ទូលចង់ឱ្យមាន ការចរចាចង់បញ្ចប់សង្គ្រាមនោះ មិនមែនជាបន្ទូលសម្របសម្រួលពីចម្ងាយនោះឡើយ។ លោកហ្សេឡិនស្គី បានថ្លែងថា «នៅពេលដែលពួកបិសាចរុស្ស៊ី ចាប់ផ្តើមធ្វើសង្គ្រាមថ្ងៃទី២៤ កុម្ភៈឆ្នាំ២០២២, ពលរដ្ឋក្នុងអ៊ុយក្រែនទាំងអស់ បានងើបឈរឡើងដើម្បីការពារប្រទេសជាតិរួម មានពលរដ្ឋកាន់សាសនាគ្រឹស្ត, សាសនាមូស៊្លីម និងសាសនាជ្វីហ្វ»។
លោកហ្សេឡិនស្គី បានថ្លែងបន្តថា ខ្ញុំសូមអរគុណចំពោះពលរដ្ឋអ៊ុយក្រែនដែលកាន់សាសនា នានាក្នុងការចូលរួមក្នុងជួរកងទ័ព និងក្នុងជួរកងកម្លាំងការពារជាតិ។ ពួកគេបានគាំទ្រយើង ដោយធ្វើការបួងសួង, ដោយពាក្យសម្តី និងដោយសកម្មភាពនានាទាំងឡាយ។ នេះជាអ្វីទាំង ឡាយដែលគេបានធ្វើនៅតាមព្រះវិហារ»។ លោកហ្សេឡិនស្គី បានថ្លែងបន្តថា «ការបួងសួងទាំងនេះ មិនមែនមានចម្ងាយ ត្រឹមតែ២ពាន់ ៥០០គីឡូម៉ែត្រប៉ុណ្ណោះទេ គឺនៅតាមកន្លែងនានា ដែលមានការអធិដ្ឋានបួងសួងពីចម្ងាយរវាង អ្នកដែលចង់រស់រានមានជីវិត និងអ្នកដែលចង់បំផ្លាញជីវិតរបស់អ្នក»។
មន្ត្រីការទូតប៉ូឡូញនិងមន្ត្រីការទូតអាល្លឺម៉ង់ ដែលស្និទ្ធនឹងរដ្ឋាភិបាលក្រុងគៀវ បានប្រតិកម្ម ប្រឆាំងនឹងព្រះរាជបន្ទូល របស់សម្តេចព្រះសង្ឃរាជ Pope Francis។ រដ្ឋមន្ត្រីការបរទេសប៉ូ ឡូញលោក Radoslaw Sikorski បានសរសេរ តាមបណ្តាញសង្គមថា «ដើម្បីឱ្យមានតុល្យភាព តើព្រះសង្ឃរាជ ហ៊ានមានបន្ទូលលើកទឹកចិត្ត ឱ្យមេដឹកនាំរុស្ស៊ី លោកពូទីនដកកងទ័ពរបស់ ខ្លួនចេញពីអ៊ុយក្រែនដែរឬទេ?» រដ្ឋមន្ត្រីប៉ូឡូញថ្លែងបន្តថាពេលនោះ «សន្តិភាពនឹងវិលមកវិញ ភ្លាមៗដោយមិនចាំបាច់ ត្រូវការកិច្ចចរចាឡើយ»។
ប្រធានព្រះវិហារកាតូលិក Greek របស់អ៊ុយក្រែនលោកអាចារ្យ Sviatoslav Shevchuk បាន ថ្លែងប្រតិកម្មថា «ការចង់ឱ្យមានការចុះចាញ់ មិនដែលស្ថិតមាននៅក្នុង ផ្នត់គំនិតរបស់ប្រជា ជនអ៊ុយក្រែនឡើយ។ ប្រធានព្រះវិហារកាតូលិក Greek របស់អ៊ុយក្រែន បានថ្លែងទៀតថា «អ៊ុយក្រែនបានរងរបួសមែន ប៉ុន្តែអ៊ុយក្រែនមិនចាញ់ឡើយ…អ៊ុយក្រែននឿយហត់មែន ប៉ុន្តែ អ៊ុយក្រែននៅតែងើបឈរបាននិងទ្រាំទ្របាន។ សូមជឿខ្ញុំចុះថា ការចុះចាញ់មិនមាននៅក្នុង គំនិតរបស់ពលរដ្ឋអ៊ុយក្រែនទេ សូម្បីតែពលរដ្ឋ ដែលកំពុងស្ថិតក្នុងសមរភូមិប្រយុទ្ធនាពេល នេះក៏ដោយ។ សូមស្តាប់ពលរដ្ឋរបស់យើងក្នុងតំបន់ Kherson, Zaporizhzhia, Odesa, Kharkiv និង Sumy»។
នៅលើសមរភូមិនោះវិញ ការវាយប្រហារស៊ីសាច់ហុតឈាមគ្នានៅតែបន្តក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ សេចក្តីរាយការណ៍ អាល់ហ្សាហ្ស៊ីរ៉ា បានឱ្យដឹងថាមនុស្ស៣នាក់បាន ស្លាប់ក្នុងការវាយប្រហារដោយគ្រាប់ផ្លោង និងដ្រូនរបស់រុស្ស៊ីនៅតំបន់ដូណេតស៍ គ្រាដែល ១២នាក់ទៀតបានរងរបួសដោយសារ ការវាយប្រហាររបស់មីស៊ីលរុស្ស៊ីក្នុងក្រុង Myrnohrad។
រុស្ស៊ីបានបាញ់បង្ហោះដ្រូនអត្តឃាត Shahed ចំនួន៣៩គ្រឿងក្នុងតំបន់ភាគកណ្តាល និងភាគខាងត្បូងរួមទាំងរដ្ឋធានីគៀវផងដែរ។ កងការពារអាកាសអ៊ុយក្រែន បានថ្លែងថាគេបានបាញ់ ទម្លាក់ដ្រូនអស់ចំនួន៣៥គ្រឿងលើ តំបន់ចំនួន១០កន្លែង ប៉ុន្តែមិនមាន សេចក្តីរាយការណ៍ បញ្ជាក់អំពីការរងខូចខាតណាមួយ កើតឡើងឡើយ។ នៅជាមួយគ្នានេះដែរ, ព្រលានយន្តហោះ Pulkovo នៅ Saint Petersburg លើទឹកដីរុស្ស៊ីបានបិទដំណើរការភ្លាមៗក្រោយមាន សេចក្តីរាយការណ៍ឃើញ ដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង ដែលហោះក្នុងតំបន់ Leningrad ក្បែរ នោះ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គេបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែននោះ ភ្លាម និងមិនបានបញ្ជាក់ថាតើក្នុងហេតុការណ៍នោះ មានមនុស្សរងគ្រោះថ្នាក់ដែរឬយ៉ាងណាឡើយ៕
វិទ្យុមិត្តភាពកម្ពុជាចិន