(សិង្ហបុរី)៖ បុរសអាយុ៣៣ឆ្នាំម្នាក់ ដែលជាប់សង្ស័យធ្វើពុតជាត្រូវគេចាប់ជំរិត ក្នុងគោលបំណងសង្ឃឹមបានប្រាក់ ដើម្បីយកទៅដោះបំណុល ត្រូវបានចោទប្រកាន់ជាផ្លូវការ នាថ្ងៃចន្ទនេះ នៅឯតុលាការក្នុងប្រទេសសិង្ហបុរី ក្រោមបទប៉ុនប៉ងបោកប្រាស់លុយពីម្តាយមីងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤។
បុគ្គលឈ្មោះ Liu Changjian ដែលជាជនជាតិចិន រងការចោទប្រកាន់ពីបទបោកប្រាស់ម្តាយមីងឈ្មោះ Liu Ya Bo ដើម្បីឱ្យបង់ប្រាក់ចំនួន៣០,០០០យាន់ ឬស្មើនឹង៤,១៧០ដុល្លារអាមេរិក ទើបខ្លួនអាចត្រូវគេដោះលែងពីការចាប់ជំរិត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ប៉ូលិសសិង្ហបុរី បុគ្គល Liu បានផ្ញើសារគំរាមកំហែង ទៅកាន់ម្តាយមីង កាលពីសប្តាហ៍មុន ដោយក្លែងធ្វើពុតជាអ្នកចាប់ជំរិតខ្លួន។
លទ្ធផលនៃការស៉ើបអង្កេតជាបឋម បានបង្ហាញថា Liu បានចូលមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១ ខែមីនា ក្នុងនាមជាអ្នកទេសចរ ហើយត្រូវត្រឡប់ទៅប្រទេសចិនវិញ នៅថ្ងៃទី៦ ខែមីនា ប៉ុន្តែមិនបានធ្វើយ៉ាងដូច្នោះឡើយ។ ម្តាយមីងរបស់បុគ្គល Liu ដែលស្ថិតនៅឯប្រទេសចិន ក្រោយមកក៏ទទួលបានសារតាមប្រព័ន្ធ WeChat ពីបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលទាមទារប្រាក់៣០,០០០យាន់ ដើម្បីដោះលែង Liu ពីការចាប់ជំរិត។ បុគ្គលរូបនោះ បានផ្ញើរូបថតឯកសារធ្វើដំណើររបស់ Liu ដើម្បីធ្វើជាភស្តុតាង។ នៅពេលម្តាយមីង បានប្រាប់ឪពុករបស់ Liu ឱ្យដឹងពីរឿងនេះ ឪពុកដែលនៅប្រទេសចិនដូចគ្នា ក៏បានទាក់ទងមកកាន់ប៉ូលិសសិង្ហបុរី ឱ្យជួយស៉ើបអង្កេត កាលពីយប់ថ្ងៃទី៩ ខែមីនា។
ប៉ុន្មានម៉ោងក្រោយទទួលបានទូរស័ព្ទសុំឱ្យជួយខាងលើ ក្រុមមន្រ្តីប៉ូលិសសិង្ហបុរី ក៏បានរកឃើញ Liu នៅម្តុំតំបន់ Marina Bay ដោយមិនមានស្ថិតក្រោមគ្រោះថ្នាក់អ្វីទាំងអស់។ ការស៉ើបអង្កេតបន្ថែម បានរកឃើញថា Liu មានជាប់ជំពាក់បំណុលល្បែងចន្លោះ២០,០០០-៣០,០០០ដុល្លារសិង្ហបុរី រួចក៏បានសម្រេចចិត្តប្រឌិតរឿងចាប់ជំរិតនោះឡើង ហើយផ្ញើសារគំរាមទៅកាន់ម្តាយមីងខ្លួន ក្រោមក្តីសង្ឃឹមថា នឹងអាចទទួលបានលុយ។ យ៉ាងណាមិញ ពុំមានការផ្តល់ប្រាក់ទៅឱ្យបុគ្គល Liu ផ្ទាល់ ឬមួយជនណាផ្សេងឡើយ។
គួរបញ្ជាក់ថា ប្រសិនបើរកឃើញមានទោសដូចការចោទប្រកាន់ Liu អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ ឬការពិន័យជាប្រាក់ ឬក៏ត្រូវជាប់ពន្ធនាគារហើយ ត្រូវពិន័យជាប្រាក់ថែមទៀត ព្រមគ្នាតែម្តង៕