(វ៉ាស៉ីនតោន)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាស៉ីនតោន លោក Anatoly Antonov បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ស្ថានទូតរបស់ខ្លួននៅទីនោះកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក មុនការបោះឆ្នោតសកលរបស់រុស្ស៉ី ចាប់ផ្តើមក្នុងសប្តាហ៍នេះ ដើម្បីធានាសន្តិសុខនៃបេសកកម្មការទូត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤។
សម្តីរបស់ លោក Antonov ត្រូវបានដកស្រង់ចេញពីសារនៅលើបណ្តាញតេលេក្រាម យ៉ាងដូច្នេះថា «នៅក្នុងលក្ខខណ្ឌនៃការញុះញង់ឥតឈប់ឈរ ស្ថានទូតរុស្ស៉ីធ្វើការដោយស្ងប់ស្ងាត់។ យើងកំពុងដោះស្រាយបញ្ហាទាក់ទង នឹងការរៀបចំការបោះឆ្នោតនាពេលខាងមុខ តាមរបៀបគ្រប់គ្រងអាជីវកម្ម»។ យ៉ាងនេះក្តីឯកអគ្គរដ្ឋទូតរុស្ស៉ីរូបនេះ មិនបានបញ្ជាក់ថាតើអ្វីទៅជាការញុះញង់ ដែលលោកចង់សំដៅទៅនោះទេ។
លោក Antonov ក៏បានលើកឡើងបន្ថែមថា «យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយទីភ្នាក់ងារស៉ើបការណ៍សម្ងាត់នៃក្រសួងការបរទេសអាមេរិក ហើយរំពឹងថាអាមេរិកនឹងបំពេញកាតព្វកិច្ចរបស់ពួកគេ ដើម្បីធានាសុវត្ថិភាពនៃបេសកកម្មការទូតរុស្ស៉ី»។
គួរបញ្ជាក់ថា លោកប្រធានាធីបតី វ៉្លាឌីមៀ ពូទីន ត្រូវបានគេរំពឹងថានឹងឈ្នះការបោះឆ្នោតរុស្ស៉ី ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។ កាលពីសប្តាហ៍មុន រុស្ស៉ីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ ដោយព្រមានថានឹងមានការបណ្តេញឱ្យត្រលប់ទៅវិញ ប្រសិនបើខ្លួនយល់ថាមានការជ្រៀតជ្រែកចំពោះកិច្ចការផ្ទៃក្នុង តាមរយៈសកម្មភាពវិទ្ធង្សនា និងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការបោះឆ្នោត៕