(រ៉ូម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីតាលី លោក Guido Crosetto បានប្រាប់កាសែតក្នុងស្រុកក្នុងបទសម្ភាសន៍មួយថា ទីក្រុងប៉ារីស និងវ៉ាសូវី គ្មានសិទ្ធិនិយាយជំនួសមុខឱ្យសមាជិកអង្គការណាតូ (NATO) ទេ ជុំវិញបញ្ហាបញ្ជូនកងទ័ពទៅអ៊ុយក្រែនឬអត់នោះ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤។
ការអត្ថាធិប្បាយរបស់ លោក Crosetto ធ្វើឡើងសំដៅទៅលើសុន្ទរកថារបស់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ក៏ដូចជារដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Radoslaw Sikorski ដែលសុទ្ធតែទាញចំណាប់អារម្មណ៍ទៅលើលទ្ធភាព នៃការបញ្ជូនកងទ័ពរបស់ប្លុកទៅកាន់អ៊ុយក្រែន។
លោក Crosetto បានបញ្ជាក់ថា «បារាំង និងប៉ូឡូញ អាចនិយាយក្នុងនាមតំណាងឱ្យប្រទេសរបស់ខ្លួន តែមិនអាចតាងនាមឱ្យណាតូបានទេ។ លទ្ធភាពនៃការដាក់ពង្រាយកងទ័ពរបស់ណាតូទៅកាន់អ៊ុយក្រែន មានន័យស្មើនឹងការបោះជំហានទៅរកភាពតានតឹងកាន់តែខ្លាំង ដែលនឹងរារាំងចំពោះផ្លូវការទូត ហើយការបង្កើតនូវអំណះអំណាងបែបនោះគឺ គ្មានន័យអ្វីទាល់តែសោះ»។
គួរបញ្ជាក់ថា បើតាមលោក Crosetto មានតែវិធីសាស្រ្តការទូតប៉ុណ្ណោះ ដែលសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន គួរតែបន្តផ្តោតទៅលើ ជាជាងការជំរុញឱ្យមានការប្រឈមមុខគ្នាកាន់តែខ្លាំងខាងផ្នែកយោធា៕