(តៃប៉ិ)៖ មន្ត្រីសន្តិសុខកំពូលម្នាក់របស់កោះតៃវ៉ាន់ បានប្រាប់សភានៅថ្ងៃចន្ទ ទី១១ ខែមីនាថាចិន បាន និងកំពុងធ្វើសមយុទ្ធល្បាតត្រៀមលក្ខណៈប្រយុទ្ធ នៅក្បែរដែនកោះតៃវ៉ាន់ជាមធ្យម ពី៧ ទៅ១០ថ្ងៃ ក្នុងគោលបំណងប្រែក្លាយការធ្វើសមយុទ្ធនេះទៅជាស្ថានភាពធម្មតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមអគ្គនាយកការិយាល័យសន្តិសុខតៃវ៉ាន់ លោក Tsai Ming-yen ទីក្រុងប៉េកាំងជារឿយៗបានបញ្ជូនយន្ដហោះចម្បាំងប្រហែល ១០គ្រឿង និងនាវាចម្បាំង ពី៣ ទៅ៤គ្រឿង ដើម្បីធ្វើប្រតិបត្តិការកល្បាតនៅក្បែរកោះតៃវ៉ាន់ និងកំពុងព្យាយាមប្រែក្លាយសមយុទ្ធទាំងនោះទៅជាស្ថានភាពធម្មតា។ លោកបន្ថែមទៀតថា ការធ្វើសមយុទ្ធរបស់ចិន មានម្ដងម្កាលត្រូវបានធ្វើឡើងចំពេលមានព្រឹត្តិការណ៍សំខាន់ៗដូចជាដំណើរទស្សនកិច្ចរបស់សមាជិកសភាបរទេសទៅកាន់ កោះតៃវ៉ាន់ជាដើម។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ ទីក្រុងប៉េកាំង បានចាប់ផ្ដើមការធ្វើប្រតិបត្តិការល្បាតរបស់ឆ្មាំសមុទ្រជាប្រចាំ នៅក្បែរកោះ Kinmen គ្រប់គ្រងដោយ តៃវ៉ាន់ ក្រោយអ្នកនេសាទចិន២នាក់ ស្លាប់ក្នុងពេលព្យាយាមរត់គេចពីឆ្មាំសមុទ្រតៃវ៉ាន់។ ភាពតានតឹងរវាងចិន និងតៃវ៉ាន់ ក៏ត្រូវបានគេពឹងដែរថាអាចនឹងឡើង កម្ដៅជាថ្មី នៅពេលលោក Lai Ching-te ដែលចិនចាត់ទុកថាជា «ជនឧទ្ទាម» និងបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករា ត្រូវស្បថ ចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅថ្ងៃទី២០ ខែឧសភាខាងមុខ៕