(យ៉េរ៉េវ៉ាន់)៖ រដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan បាននិយាយថាប្រទេសរបស់លោកកំពុងពិចារណា ដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុប (EU) ខណៈទីក្រុងយ៉េរ៉េវ៉ាន់ កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយលោកខាងលិច ចំពោះមុខភាពតានតឹងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនឯងគឺរុស្ស៉ី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Mirzoyan ធ្វើការកត់សម្គាល់បែបនេះ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍តួកគី TRT World កាលពីថ្ងៃសុក្រ ទី៨ ខែមីនា នាឱកាសដែលរូបលោកបានចូលរួម វេទិកាការទូតក្នុងទីក្រុង Antalya ប្រទេសតួកគី។ រដ្ឋមន្ត្រីការបរទេសអាមេនីរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ឱកាសថ្មីៗជាច្រើនកំពុងត្រូវបានពិភាក្សានៅក្នុង ប្រទេសអាមេនី នាពេលបច្ចុប្បន្ន ហើយវាក៏មិនមែនជារឿងអាថ៌កំបាំងនោះដែរ ប្រសិនបើខ្ញុំនិយាយថាកិច្ចពិភាក្សានោះរួមបញ្ចូលទាំងសមាជិកភាព ក្នុងសហភាពអឺរ៉ុប»។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាច អំឡុងមានបដិវត្តន៍មួយកាលពីឆ្នាំ២០១៨មក នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan កាន់តែពង្រឹងទំនាក់ទំនងល្អ ជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិកដែលនេះបានធ្វើឱ្យរុស្ស៉ីខឹងសម្បារ។ អាមេនីក៏បានចោទប្រកាន់រុស្ស៉ីផងដែរថាក្នុងនាមជាសម្ព័ន្ធមិត្តនឹងគ្នា ទីក្រុងមូស្គូមិនបានការពារ អាមេនីឡើយ ប្រឆាំងនឹងអាស៊ែបៃហ្សង់ដែលមានទំនាក់ទំនងល្អជាមួយរុស្ស៉ី នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕