(ហ្សាការតា)៖ ក្រុមមន្ត្រីក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១០ ខែមីនានេះថាភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះបានបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ក្នុងខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) សម្លាប់មនុស្ស១៩នាក់ ខណៈមនុស្សជាង ៧០ ០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែង មានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភ្លៀងធ្លាក់ខ្លាំងបានធ្លាក់តាំងតែថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះមកម្ល៉េះ ក្នុងទីក្រុង ប៉ាដាំង (Padang) នៃខេត្ត ស៊ូម៉ាត្រាខាងលិច ព្រមទាំងក្នុងតំបន់ ៨ផ្សេងទៀតដោយ បានបង្កការខូចខាតដល់ផ្ទះជិត ៧០០ខ្នង ស្ពានមួយចំនួន និងសាលារៀងជាខ្នង ស្របពេលផ្ទៃដីដាំដុះ១១៣ហិកតាត្រូវបានទឹកជន់លិច។ តាមក្រុមមន្ត្រីឥណ្ឌូណេស៊ី ក្រុមអ្នកជួយសង្រ្គោះក៏កំពុងបន្តប្រតិបត្តិការស្វែងរកមនុស្ស ៧នាក់បានបាត់ខ្លួនផងដែរ។
គួរបញ្ជាក់ថា តំបន់ភាគច្រើននៃទីក្រុងប៉ាដាំង នៅតែបន្តជន់លិចនៅឡើយ ហើយភ្លៀងបន្ថែមត្រូវបានគេព្យាករថាអាចនឹងបន្តធ្លាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ៕