(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាវិធីសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ សម្រាប់សង្គ្រាមក្នុងតំបន់ហ្កាហ្សា បាន និងកំពុងធ្វើឱ្យអ៉ីស្រាអែលខាតបង់ច្រើនជាងជួយអ៉ីស្រាអែល ខណៈការអស់ភាពអត់ធ្មត់របស់លោក បៃដិន ចំពោះសមភាគីអ៉ីស្រាអែលរបស់លោកស្ដែងឡើងកាន់តែច្បាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤។
លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះ ក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន)។ ខណៈវិបត្តិមនុស្សធម៌ ក្នុងតំបន់ហ្កាហ្សា មានសភាពកាន់តែធ្ងន់ធ្ងរ ហើយលោក បៃដិនខ្លួនឯងបង្ហាញការមិនពេញចិត្តចំពោះវិធីសាស្ត្ររបស់លោក ណេតាន់យ៉ាហ៊ូក៏ពិតមែន ប៉ុន្តែប្រធានធិបតីអាមេរិកបានបញ្ជាក់ថា ការកត់សម្គាល់របស់លោកមិនមែនជាការដាក់ «បន្ទាត់ក្រហម» ជុំវិញការគំរាមបើកការវាយលុករបស់អ៉ីស្រាអែលចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សានោះទេ។
តាមលោក បៃដិន លោក ណេតាន់យ៉ាហ៊ូ មានសិទ្ធិដើម្បីការពារអ៉ីស្រាអែល និងសិទ្ធិបន្តតាមប្រមាញ់ក្រុមហាម៉ាស។ ប៉ុន្តែអ្វីដែលលោក ណេតាន់យ៉ាហ៊ូគួរតែធ្វើនោះគឺ ការយកចិត្តទុកដាក់ក្នុងការការពារអាយុជីវិតជនស៊ីវិល នៅក្រោមវិធីសាស្ត្រសង្រ្គាមសព្វថ្ងៃ។ «ជាទស្សនៈរបស់ខ្ញុំ គាត់ (លោក ណេតាន់យ៉ាហ៊ូ) កំពុងធ្វើឱ្យអ៉ីស្រាអែលខាតបង់ ច្រើនជាងជួយអ៉ីស្រាអែល»។ នេះជាលើកឡើងរបស់លោក បៃដិន ជាមួយការបន្ថែមថាលោកនឹងមិនបោះបង់ចោលអ៉ីស្រាអែលទេ ហើយការការពារអ៉ីស្រាអែលនៅតែមានសារៈសំខាន់ ដោយមិនមានបន្ទាត់ក្រហមអ្វី ឬការកាត់ផ្ដាច់ការផ្ដល់ជំនួយអាវុធនោះទេ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាកក្នុងតំបន់ហ្កាហ្សា សង្រ្គាមសងសឹករបស់អ៉ីស្រាអែលទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលសម្លាប់មនុស្ស ១២០០នាក់នោះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣០ ៨០០នាក់ហើយ៕