(ប៉េកាំង)៖ ក្នុងសន្និសីទសារព័ត៌មាននៃមហាសន្និបាតសភាទាំងពីរ នៃប្រទេសចិនដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ លោក Wang Yiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានឆ្លើយសំណួរចំនួន២១ របស់អ្នកសារព័ត៌មានចិននិងបរទេស ដែលពាក់ព័ន្ធនឹងវិស័យជាច្រើន ដូចជាទំនាក់ទំនងរវាងប្រទេសធំ ចំណុចក្តៅក្នុងតំបន់ និងអភិបាលកិច្ចសកលជាដើម។
តាមរយៈការឆ្លើយសំណួរទាំងនេះ មជ្ឈដ្ឋានខាងក្រៅបានទទួលសញ្ញាយ៉ាងច្បាស់លាស់មួយ៖ ប្រទេសចិនកំពុងផ្តល់ភាពប្រាកដប្រជា កាន់តែច្រើនដល់ពិភពលោក តាមរយៈស្ថិរភាពរបស់ខ្លួន។ "ប្រទេសចិននឹងធ្វើជាកម្លាំងសន្តិភាព កម្លាំងស្ថិរភាពនិងជាកម្លាំងវឌ្ឍនភាពរបស់ ពិភពលោកយ៉ាងមុតមាំ មិនងាករេ" ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើន បានចាត់ទុក ការបង្ហាញឥរិយាបថរបស់ភាគីចិននេះ ជាសេចក្តីប្រកាសរបស់ ការទូតប្រទេសចិន។
សន្តិភាពគឺជារឿងចម្បង។ ពេលបច្ចុប្បន្ននេះ វិបត្តិអ៊ុយក្រែនបានដំណើរការជាបន្តបន្ទាប់ ស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែល បានឡើងកម្តៅហើយការប៉ះទង្គិច ខាងភូមិសាស្ត្រនយោបាយ មានភាពកាន់តែតានតឹង។ ក្នុងនាមជាប្រទេសធំដែលប្រកាន់ខ្ជាប់ នូវការអភិវឌ្ឍដោយសន្តិភាព ប្រទេសចិន មិនត្រឹមតែសង្ឃឹមថា ខ្លួននឹងមានសន្តិសុខនិងស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្មដើម្បីសន្តិភាពពិភពលោកផងដែរ។ នៅឆ្នាំ២០២៣ ពីការជំរុញប្រទេសទាំងពីរអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ឱ្យចាប់ដៃគ្នានិងសម្រេចបាន នូវសន្តិភាព ដល់ការធ្វើកិច្ចសម្របសម្រួល ក្នុងវិបត្តិអ៊ុយក្រែន រហូតដល់ការជំរុញ ឱ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចចិត្ត លេខ២៧១២ ស្តីពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល ភាគីចិនបាននិងកំពុង ដោះស្រាយបញ្ហាចំណុចក្តៅ តាមវិធីសាស្ត្ររបស់ខ្លួន ពោលគឺប្រកាន់ខ្ជាប់នូវការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រកាន់ខ្ជាប់ នូវការដោះស្រាយបញ្ហា តាមវិធីនយោបាយ ប្រកាន់ខ្ជាប់ឥរិយាបថ ប្រកបដោយសត្យានុម័ត និងយុត្តិធម៌ ក៏ដូចជាប្រកាន់ខ្ជាប់ នូវការដោះស្រាយបញ្ហាពីឬសគល់។
ស្ថិរភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ពេលបច្ចុប្បន្ននេះ ប្រទេសលោកខាងលិចមួយចំនួនកំពុងអនុវត្តឯកតោភាគីនិយម និងគាំពារនិយមដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងធ្វើឱ្យពិភពលោក មានភាពកាន់តែច្របក់ប្របូល។ រីឯផែនការអភិបាលកិច្ចសកល ដែលលើកឡើងដោយ ប្រទេសចិនស្តីពី "ពហុប៉ូលភាវូបនីយពិភពលោកដ៏ស្មើគ្នា និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាប័ន" គឺសមស្របនឹងនិន្នាការអភិវឌ្ឍន៍ទូទៅនៃយុគសម័យ ហើយបានឆ្លុះបញ្ចាំងពីសំឡេងរួមរបស់"សកលខាងត្បូង(GlobalSouth)"។ ពីការជំរុញការពង្រីករដ្ឋសមាជិកនៃ BRICS នៅឆ្នាំ២០២៣ ដល់ការរៀបចំជាម្ចាស់ផ្ទះ នូវវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក នៅឆ្នាំ២០២៤ កិច្ចខិតខំប្រឹងប្រែងរបស់ភាគីចិន បានជំរុញ "សកលខាងត្បូង" ឱ្យក្លាយជាកម្លាំងគន្លឹះក្នុងការធ្វើកំណែទម្រង់ នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលនាំមកនូវទិដ្ឋភាពថ្មីដល់អភិបាលកិច្ចសកល។
ការអភិវឌ្ឍគឺជាកូនសោមាសក្នុងការដោះស្រាយបញ្ហាទាំងអស់។ ក្នុងបរិបទបច្ចុប្បន្នដែលកម្លាំងចលករ នៃការអភិវឌ្ឍសកលមិនគ្រប់គ្រាន់ និងប្រទេសមួយចំនួនតូចអនុវត្ត "ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់" ប្រទេសចិនបានលើកឡើងយ៉ាងមុតមាំថា ចាំបាច់ត្រូវតែបង្កើតសេដ្ឋកិច្ច ពិភពលោកបែបបើកទូលាយ។ នៅឆ្នាំ២០២៣ ប្រទេសចិនបានរួមចំណែកមួយភាគបី នៃកំណើនសេដ្ឋកិច្ចពិភពលោក តាមរយៈល្បឿនកំណើនសេដ្ឋកិច្ច ៥.២ភាគរយរបស់ខ្លួន ម៉ាស៊ីនក្បាល "ម៉ាកចិន" នៅតែមានភាពខ្លាំងក្លា។
នាពេលបច្ចុប្បន្ននេះ កម្រិតសរុបនៃពន្ធគយរបស់ប្រទេសចិន ត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតស្មើគ្នានឹង ប្រទេសអភិវឌ្ឍន៍ នៃអង្គការពាណិជ្ជកម្ម ពិភពលោក ការអនុញ្ញាតិឱ្យចូលទីផ្សារ នៃឧស្សាហកម្មផលិតកម្មត្រូវបានបើកចំហ ដោយគ្រប់ជ្រុងជ្រោយ ការជំរុញការបើកចំហនៃឧស្សាហកម្មសេវាកម្ម ត្រូវបានពន្លឿន អត្រានៃផលចំណេញនៃការវិនិយោគបរទេស បានកាន់លំដាប់ជួរមុខលើពិភពលោក។ ការធ្វើទំនើបកម្មតាមបែបផែនចិន កំពុងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ហើយប្រទេសចិនដែលពោរពេញ ទៅដោយឱកាសមិនគួរខកខានបាននោះឡើយ៕
វិទ្យុមិត្តភាពកម្ពុជាចិន