(បារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅថ្ងៃសុក្រនេះថា លោកចង់ឱ្យសហភាពអឺរ៉ុប (EU) ធានាសិទ្ធិក្នុងការរំលូតកូននៅក្នុងធម្មនុញ្ញ នៃសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។
លោក Macron បាននិយាយនៅក្នុងពិធីមួយក្នុងទីក្រុងប៉ារីស ជាកន្លែងដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Eric Dupond-Moretti បានបញ្ចូលសិទ្ធិរំលូតកូនទៅក្នុងរដ្ឋធម្មនុញ្ញបារាំង បន្ទាប់ពីមានការបោះឆ្នោតគាំទ្រដ៏លើសលប់ ដោយសមាជិកសភាកាលពីថ្ងៃចន្ទ។
លោក Macron បាននិយាយនៅក្នុងពិធី ដែលធ្វើឡើងស្របពេលជាមួយទិវានារីអន្តរជាតិ ដូច្នេះថា «ថ្ងៃនេះមិនមែនជាចុងបញ្ចប់នៃរឿងនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការប្រយុទ្ធគ្នា»។
ប្រធានាធិបតីបារាំងរូបនេះ បាននិយាយទៀតថា លោកនឹងដឹកនាំការប្រយុទ្ធប្រឆាំងនឹងអ្នកដែលព្យាយាមបំបិទសិទ្ធិស្ត្រីនៅអឺរ៉ុប។ លោកបានចាត់ទុកការប្រយុទ្ធប្រឆាំងនេះមានសារៈសំខាន់ ដើម្បីទប់ស្កាត់ទង្វើបំបិទសិទ្ធិ មិនឱ្យរីករាលដល់ក្រុមដែលងាយរងគ្រោះផ្សេងទៀត។
លោក Macron បានលើកឡើងថា «យើងនឹងដឹកនាំការតស៊ូនេះនៅទ្វីបរបស់យើង ក្នុងទ្វីបអឺរ៉ុប ខណៈកម្លាំងប្រតិកម្មវាយប្រហារលើសិទ្ធិស្ត្រី មុនពេលពួកគេវាយប្រហារលើសិទ្ធិរបស់ជនជាតិភាគតិចបន្ថែមទៀត»។ លោកបានសង្កត់ធ្ងន់ថា «នោះហើយជាមូលហេតុដែលខ្ញុំចង់បញ្ជាក់អំពីសេរីភាព នៃការរំលូតកូន ដែលត្រូវបានធានានៅក្នុងធម្មនុញ្ញ នៃសិទ្ធិជាមូលដ្ឋានរបស់សហភាពអឺរ៉ុប»។
គួរជម្រាបថា ការធ្វើវិសោធនកម្មធម្មនុញ្ញសហភាពអឺរ៉ុប ដែលទាមទារការយល់ព្រមជាឯកច្ឆ័ន្ទ អាចជាការពិបាកខ្លាំង។ ទោះបីជាការរំលូតកូនត្រូវបានធ្វើឱ្យស្របច្បាប់ នៅក្នុងទ្វីបអឺរ៉ុបភាគច្រើនក៏ដោយ ក៏ប្រទេសមួយចំនួន បានដាក់កំហិតលើស្ត្រីដែលចង់រំលូតកូនផងដែរ៕